(មណ្ឌលគិរី)៖ ឈើសុក្រមមានមុខកាត់ចាប់ពី បីទៅបួនតឹកបួនជ្រុងបណ្ដោយ៥ទៅ៦ម៉ែត្រ ត្រូវបានជនមិនស្គាល់មុខលួចដុតបំផ្លាញចោល ដើម្បីបំបាត់ ភស្តុតាងនៅលើបរិវេណដី​សម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនប៊ិញភឿក១ ដែលមានទីតាំងនៅក្នុងភូមិចកចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅក្នុងរយៈពេលពីរបីថ្ងៃនេះ ខណៈមន្ត្រីសមត្ថកិច្ចកំពុងចុះ​ទៅត្រួតពិនិត្យបទល្មើសព្រៃឈើ​នៅតំបន់នោះ។

សេចក្ដីរាយការណ៏ពីអ្នកស្រុករស់នៅក្នុងភូមិចកចារ ប្រាប់ភ្នាក់ងារ Fresh News បានឲ្យដឹងថា ឈើដែលគេដុតចោលមានបីបួនកន្លែង ក្នុងមួយកន្លែងៗមានជាង១០កំណាត់ទៅជិត២០កំណាត់ ដោយមិនដឹងចំនួនម៉ែត្រគូបពិតប្រាកដនោះទេ គឺដុតរយៈពេលពីរបីថ្ងៃមកហើយ គិតមកដល់ព្រឹកថ្ងៃទី២២ ខែមករានេះ គឺឆេះអស់នៅសល់តែផេះប៉ុណ្ណោះ។

ពាក់ព័ន្ធទៅនឹងករណីជនទុច្ចរិតលួចដុតបំផ្លាញកំណាត់ឈើលេខ១ ចោលអស់រាប់សិបម៉ែត្រគូបខាងលើនេះ មន្ត្រីសមត្ថកិច្ចដែលកំពុងចុះធ្វើការត្រួត ពិនិត្យវាស់វែងឈើនៅក្នុងក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចប៊ិញភឿក១ បានអះអាងថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនជនល្មើសដើម្បីយក មកផ្ដន្ទាទោស​តាមច្បាប់ក្នុងបទ​ដុតបំផ្លាញវត្ថុតាង និងដុតបំផ្លាញធនធានធម្មជាតិ ដោយមិន​ឲ្យរួចខ្លួនឡើយ។

ពាក់ព័ន្ធករណីជនមិនស្គាល់មុខលួចដុតបំផ្លាញឈើ នៅក្នុងបរិវេណដីក្រុមហ៊ុនខាងលើនេះ តំណាងក្រុមហ៊ុនមួយរូបបានចេញមុខធ្វើការអះអាង ប្រាប់ភ្នាក់ងារ Fresh News ថា ភាគីក្រុមហ៊ុន មិនបានដុតបំផ្លាញឈើទាំងអស់នោះទេ ហើយឈើដែលជនមិនស្គាល់មុខលួច ដុតចោលនោះក៏មិនមែនឈើរបស់ក្រុមហ៊ុននោះដែរ។

តំណាងក្រុមហ៊ុនបានអះអាងថា ឈើរបស់ក្រុមហ៊ុនដែលបានមកពីការសំអាតនៅក្នុងបរិវេណដីក្រុមហ៊ុន ទទួលបានច្បាប់ពីរដ្ឋគឺប្រមូលទុក ក្នុងរោងចក្រក្នុងបរិវេណក្រុមហ៊ុនដែលមានរបងព័ទ្ធត្រឹមត្រូវ ហើយបច្ចុប្បន្នគណៈកម្មការជំនាញកំពុងរាប់ត្រួតពិនិត្យ ព្រោះជាឈើមានច្បាប់។ចំណែកឈើដែលគេលួចដុត ចោលនោះមានទីតាំងនៅជាយបរិវេណដីរបស់ក្រុមហ៊ុន ដែលមានប្រមាណ​៨០០០ហិកតា​ឯណោះ អាចជាឈើរបស់ឈ្មួញអត់ច្បាប់ពេលដឹងថា សមត្ថកិច្ចចុះបង្ក្រាបក៏ដឹកជន្លៀសចេញ តែជន្លៀសមិនទាន់ក៏យកមកដាក់លើដី​ក្រុមហ៊ុនក្នុងបំណងបន្លំថា​ជាឈើស្របច្បាប់របស់ក្រុមហ៊ុន​ហើយទំនងធ្វើទៅមិនរួច ក៏ដុតបំផ្លាញចោលតែម្ដងទៅ ដោយក្រុមហ៊ុនក៏មិនអាចទៅត្រួតពិនិត្យដីក្រុមហ៊ុន ទាំងជាង៨០០០ហិកតាអស់ដែរ។

លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា បានអះអាងប្រាប់អ្នកកាសែតថា រហូតមកដល់ម៉ោងនេះមន្ត្រីជំនាញ នៅមិនទាន់កំណត់បានអំពីតួលេខចំនួន ឈើរបស់ក្រុមហ៊ុន​នៅឡើយទេ ព្រោះលោកទើបមកថ្មីមិនទាន់ដឹងថាគំនរឈើណាមានវ៉ៃត្រា គំនរឈើណាអត់ត្រានៅឡើយទេដោយជំនាញកំពុងចែកគ្នាធ្វើការតាមគោលដៅផ្សេងៗគ្នានៅឡើយ។

ទោះជាមានការបដិសេធពីភាគីតំណាងក្រុមហ៊ុនក៏ដោយក៏គេនៅមិនទាន់ជឿទាំងស្រុងដែរ ដូចនេះសមត្ថកិច្ចគួរតែបន្តធ្វើការស្រាវជ្រាវ រកចាប់ជនល្មើសយកមកផ្ដន្ទាទោសឲ្យខាងតែបាន ព្រោះជាករណី​ដុតបំផ្លាញវត្ថុតាងបទ​ល្មើស និងបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ៕