(ភ្នំពេញ)៖ គណៈកម្មាធិការកីឡាយុទ្ធសិល្ប៍កម្ពុជា បានបើកកិច្ចប្រជុំមួយនៅ ទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) ថ្ងៃទី២១ មករា ដើម្បីពិភាក្សាគ្នារៀបចំគម្រោងព្រឹត្តិការណ៍ រាត្រីយុទ្ធគុន “2nd Martial Arts Night” លើកទី២ ឆ្នាំ២០១៦ នៅចុងខែក្រោយនេះ ។

លោក នឹម សុវត្ថិ ប្រធានគណៈកម្មាធិការ កីឡាយុទ្ធសិល្ប៍កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍លើកទី២ ដែលមាន១ ឆ្នាំម្តងនេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅ NOCC តែម្តង ដោយស្ថិតក្នុងគោល បំណង ដើម្បីលើកទឹកចិត្តដល់ កីឡាករ-កីឡាការិនីយុទ្ធគុនដែលមានទេពកោសល្យ ទទួលបានឱកាសបញ្ចេញ ភាពអស្ចារ្យក្នុងការប្រកួតប្រជែងសម្តែងក្បាច់គុន របស់ខ្លួន ហើយក៏ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនមិត្តភាព និងភាពសុខដុមក្នុងរង្វង់គ្រួសារយុទ្ធគុនដែលមានក្នុងព្រះរាជាណាចក្រ កម្ពុជាថែមទៀតផង ។

ព្រឹត្តិការណ៍រាត្រីយុទ្ធគុន “2nd Martial Arts Night” នេះមានសហព័ន្ធកីឡាជាតិចំនួន១០ចូលរួម គឺសហព័ន្ធកីឡា ល្បុក្កតោ, សហព័ន្ធកីឡា Hapkido, សហព័ន្ធកីឡា Taekwondo “ITF”, សហព័ន្ធកីឡា Tongil Moodo, សហព័ន្ធ កីឡា Karate do, សហព័ន្ធកីឡា Kendo, សហព័ន្ធកីឡា Aikido, សហព័ន្ធកីឡា Kobudo, សហព័ន្ធកីឡាWushu និងសហព័ន្ធកីឡា Vovinam ។
ទាំង១០កីឡានេះ នឹងត្រូវសម្ដែងទៅលើវិញ្ញាសា សម្តែង២ប្រភេទគឹ វិញ្ញាសាសម្តែង (Free Demo)៖ ១ប្រភេទយុទ្ធ គុនសម្តែងបាន១ដង ៥នាទី និងវិញ្ញាសាសម្តែង ប្រកួតប្រយុទ្ធគ្មានអាវុធឯកត្តជន សម្តែងគ្មានអាវុធជាក្រុម សម្តែងមានអាវុធឯកត្តជននិងសម្តែងមាន អាវុធជាក្រុម ៕