(ភ្នំពេញ)៖ លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នឹង​មានជំនួបជាមួយលោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ប្រឆាំង នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ អំឡុងពេល ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា​។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា នៅ​ក្នុង​ជំនួប​នះ​​​ នឹងមានការ​លើក​យក​បញ្ហា​នយោបាយ បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាការបោះឆ្នោត និងបញ្ហាផ្សេងៗមួយចំនួនទៀត។

បើតាមប្រភពច្បាស់ការមួយ បានឱ្យដឹងថាជំនួបរវាង លោក ចន ឃែរី (John Kerry) និងលោក កឹម សុខា នឹងធ្វើឡើងនៅល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពីលោក ឃែរី​ ជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន រួចរាល់។

សូមបញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី នឹង​មក​បំពេញ​ទស្សនកិច្ច រយ:ពេល២ថ្ងៃ នៅប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០១៦៕