(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលលើដីក្រុមហ៊ុន «នុភាពសុភី» ឱ្យចូលរួមដោះស្រាយដោយឈរលើគោលនយោបាយឈ្នះឈ្នះ ទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុន។

លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារសម្របសម្រួលទំនាស់ រវាងក្រុមហ៊ុន «នុភាពសុភី» និងប្រជាពលរដ្ឋនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបានឱ្យដឹងថា គោលការណ៍ដោះស្រាវដោយផ្អែកលើការសម្របសម្រួលជូនប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលជាក់ស្តែងនៅលើក្រុមហ៊ុន «នុភាពសុភី» ក្នុងភូមិសាស្រ្តឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២០មកម្លេះ ហើយរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋមួយចំនួនព្រមទទួលយកគោលការណ៍ដោយគ្មានអ្នកណាបង្ខិតបង្ខំឡើយ។

លោកបានបន្តថា ដោយឈរលើគោលនយោបាយដោះស្រាយរបស់រដ្ឋបាលខេត្តប្រជាពលរដ្ឋចំនួន២៣៣គ្រួសារ ត្រូវបានរដ្ឋបាលខេត្តចេញលិខិតបញ្ជាក់កាន់កាប់ដីដោយស្របច្បាប់។ ដោយឡែក មានបងប្អូនចំនួន១១៥គ្រួសារ បានធ្វើពាក្យបណ្តឹងប្ដឹងទៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ ប៉ុន្តែ ត្រូវបានក្រសួងទាំងពីរនេះ បញ្ជូនលិខិតមកឱ្យថ្នាក់ខេត្ត ដោះស្រាយវិញ ហើយក្នុងនោះប្រជាពលរដ្ឋមួយចំនួនក្នុងចំណោម ១១៥គ្រួសារ បានមកចូលរួមដោះស្រាយនៅសល់ប្រហែលជា ៥០គ្រួសារប៉ុណ្ណោះ ដែលមិនមកចូលខ្លួនដោះស្រាយដោយសារស្តាប់ តាមមេខ្យល់នៅពីក្រោយ ដូចជា លោក លាវ សុភា (ហៅយួន) ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានតួនាទីជាអ្នកអនុត្តច្បាប់បែរជាមិនព្រមចូលមកដោះស្រាយ ហើយខ្លួនជាអ្នកអនុត្តច្បាប់ហ៊ានទិញដីសិម្បទានសេដ្ឋកិច្ច។

លោក សុក ហៃ បានឱ្យដឹងថា ក្រុមហ៊ុននឹងត្រូវរៀបចំចុះបញ្ជីដីរបស់ក្រុមហ៊ុន នៅឆ្នាំ២០២១ ជាដីសិម្បទានសេដ្ឋកិច្ចដែលមានកុងត្រាច្បាស់លាស់ជាមួយរាជរដ្ឋាភិបាលនោះមានន័យថាក្រុមហ៊ុន បានទទួលការវិនិយោគដីពីរាជរដ្ឋាភិបាលដោយស្របច្បាប់។ ជាមួយគ្នានោះដែរ លោក សុក ហៃ នៅតែអំពាវនាវឱ្យបងប្អូនដែលចនៅសេសសល់មកចូលរួមធ្វើការដោះស្រាយដោយសន្តិវិធី និងទទួលយកការឈ្នះ ឈ្នះ ទាំងអស់គ្នា។

ចំណែកឯប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដី របស់ក្រុមហ៊ុនវិញ បានលើកឡើងដែរថា ការទទួលយករបស់ពួកគាត់ធ្វើឡើងដោយស្ម័គ្រចិត្ត ព្រោះក្នុងពេលកន្លងពួកគាត់បានដឹងរួច មកហើយថា ជាដីរបស់ក្រុមតែពួកគាត់នៅតែទន្រ្ទាន និងសុំអាស្រ័យផល ដើម្បីចិញ្ចឹមក្រពះពេលនេះ ពួកគាត់មានការសប្បាយចិត្តដោយទទួលបានដីកាន់កាប់ស្របច្បាប់។

ទន្ទឹមនេះដែរលោក ខ្ចៅ ប៊ុនហ៊ីម អភិបាលរងស្រុកសន្ទុក បានលើកឡើងថា គោលការណ៍សម្របសម្រួលរបស់រដ្ឋបាលខេត្តក៏ដូចជា អាជ្ញាធរមូលដ្ឋានបានគិតគូរដល់ផលប្រយោជន៍រួម ដែលស្តែងចេញ តាមរយៈការគោលការណ៍ច្បាស់លាស់ជាលាយល័ក្ខអក្សរ រវាងភាគ្គីក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ និងមិនអាចឱ្យក្រុមហ៊ុន ឬប្រជាពលរដ្ឋណាម្នាក់បំពានលើសេចក្តីទុកចិត្ត គ្នាទៅវិញទៅមកបានឡើយ។

គួបញ្ជាក់ដែរថា ក្រុមហ៊ុន «នុភាពសុភី» បានធ្វើការវិនិយោគលើទីតាំងដីនេះ ចាប់តាំងពីឆ្នាំ២០០៧មក ដែលមានទំហំដីប្រមាណជិត ៣,០០០ហិចតា ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការដាំដុះ លើផ្ទៃប្រមាណជាង ៩០០ហិចតា លើដំណាំស្វាយចន្ទី ដំណាំស្វាយ និងដូងក្រអូប និងកៅស៊ូ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុនបានស្រូបយកកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋប្រមាណ ៦០នាក់ ទៅ៧០នាក់ ក្នុងមួយថ្ងៃលើការថែទាំដំណាំផ្សេងៗ ដើម្បីបង្កើនជីវភាពគ្រួសារ៕