(ព្រះវិហារ)៖ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា ស្ថិតនៅចំណុចទួលអូរសុក្រម ក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលត្រូវក្រុមជនឆ្លៀតឱកាសលួចកាប់រុករានធ្វើជាកម្មសិទ្ធនោះ ពេលនេះត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋវិញ ខណៈមន្ត្រីជំនាញកំពុងស្រាវជ្រាវរកមុខជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

លោក សុក សាន្តតារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ខេត្តព្រះវិហារឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះថា «ដីព្រៃក្នុងដែនព្រៃអចិន្ត្រៃយ៍របស់រដ្ឋជាច្រើនហិកតា ដែលក្រុមជនឱកាសនិយមលួចឈួសឆាយធ្វើជាកម្មសិទ្ធិនោះ ពេលនេះត្រូវបានដកហូតទុក ជាសម្បត្តិរដ្ឋវិញហើយ»

លោកអភិបាលស្រុក បានបន្តថា ការចុះដកហូតដីព្រៃ ដែលគេលួចឈូសឆាយធ្វើជាកម្មសិទ្ធមកទុកជាសម្បត្តិរដ្ឋវិញនេះ បន្ទាប់ពីក្រុមការងារដែលដឹកនាំដោយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានសហការជាមួយអាជ្ញាធរស្រុកឆែប និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀតកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងដីដែលរងការឈូសឆាយ និងបានដកហូតវត្ថុតាងរណាយន្តមួយគ្រឿង ចំណែកក្រុមជនល្មើសបានរត់គេចខ្លួនអស់។

លោក សុក សាន្តតារ៉ា បានបញ្ជាក់ថា ចំពោះទំហ៊ំដីព្រៃដែលក្រុមជនល្មើសបានកាប់រុករាននោះ មិនទាន់ដឹងលទ្ធផលថាអស់ប៉ុន្មានហិកតានោះទេ ដោយសារជំនាញរដ្ឋបាលព្រៃឈើ កំពុងកសាងផែនទី។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានទទូចឲ្យបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ត ជួយរាយកាណ៍ព័ត៌មានបានទាន់ពេលវេលាដល់អាជ្ញាធរ ពីករណីដើម្បីចាត់ការតាមច្បាប់៕