(ភ្នំពេញ)៖ នៅក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះ លោក វង្សី វិស្សុត បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ បាននិងកំពុងសិក្សាគិតគូររៀបចំផែនការ និងយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ កិច្ចការនេះ ត្រូវធ្វើឱ្យបានឆាប់ និងម៉ត់ហ្មត ត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជា អាចងើបឡើងវិញ បានឆាប់រហ័សដោយមិនរង់ចាំរហូតដល់ពេលដែលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់នោះទេ ពោលយើងអាចត្រូវចេះរៀនរស់នៅជាមួយនឹងជំងឺនេះ។ លោកបានបន្តថា ផែនការស្តារសេដ្ឋកិច្ចឡើងវិញនេះ អាចនឹងធ្វើឡើងជា២ដំណាក់កាលដូចខាងក្រោម៖

* ដំណាក់កាលទី១៖ គឺផែនការត្រៀមខ្លួន (Preparation Stage) សម្រាប់ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដោយបន្តផ្តោតលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការទ្រទ្រង់ និងស្តារអាជីវកម្ម, ការបង្កើតការងារ និងការបន្តជួយដល់ជន ដែលងាយរងគ្រោះពីជំងឺកូវីដ-១៩ តាមរយៈកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល។ ថ្វីត្បិតតែយើងត្រូវបែងធនធានមួយចំណែកដ៏ធំ របស់ជាតិ សម្រាប់អន្តរាគមន៍ក្នុងវិស័យ សង្គមកិច្ចក្តី តែយើងក៏មិនដកថយ ក្នុងការបង្កើនការវិនិយោគលើវិស័យហេដ្ឋារចនាសម័ន្ធរូបវ័ន្តសំខាន់ៗ ដូចជា គមនាគមន៍ដឹកជញ្ជូន និងឡូជីស្ទិក, អគ្គិសនី និងឌីជីថលជាដើម ដើម្បីបង្កើនភាពប្រកួតប្រជែង។ ទន្ទឹមនឹងនេះយើងក៏ត្រូវធ្វើកិច្ចការមួយ បន្ថែមចំនួនទៀត ដើម្បីសម្រួលដល់លំហូរទំនិញ, សេវា និងមនុស្សកុំឱ្យមានការប៉ះពាល់ ឬរអាក់រអួល។

* ដំណាក់កាលទី២៖ គឺផែនការងើបឡើងវិញ (Recovery Stage) សម្រាប់ចាប់ពីឆ្នាំ២០២២តទៅ ដោយបន្តផ្តោតលើការបង្កើន ភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័ន ព្រមទាំងការបង្កើនការវិនិយោគសាធារណៈ ដើម្បីទាក់ទាញវិនិយោគឯកជន ឱ្យកាន់តែបានច្រើនថែមទៀត។

លោក វង្សី វិស្សុត បានលើកឡើងទៀតថា ការរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញខាងលើនេះ នឹងត្រូវផ្តោតលើគោលការណ៍ណែនាំ (Guiding Principle)សំខាន់ៗចំនួន៣ដូចខាងក្រោម៖

* ទី១៖ ការស្វែងយល់ និងកំណត់និន្នាការ ឬប្រក្រតីកម្មថ្មី (Global Trends/New Normal) របស់ពិភពលោក៖ ពិភពលោកក្រោយវិបត្តិជំងឺកូវីដ-១៩ អាចនឹងមិនដូចពិភពលោក នៅមុនពេលវិបត្តិជំងឺកូវីដ-១៩ នោះទេ ហើយនិម្មាបនកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ក៏នឹងត្រូវបានផ្លាស់ប្តូរផងដែរ។ ក្នុងន័យនេះ ពិភពលោកក្រោយវិបត្តិកូវីដ-១៩ គឺជាពិភពលោកមួយ ដែលមានកំណើនទាប, មានទំនាក់ទំនងពាណិជ្ជកម្មតិចជាងមុន និងមានការគាំពារ និយមកាន់តែច្រើនជាងមុន ជាពិសេសការផ្លាស់ប្តូរ នៃខ្សែសង្វាក់ផលិតកម្ម ពីកម្រិតពិភពលោក មកកម្រិតតំបន់ និងពីកម្រិតតំបន់ដល់កម្រិតប្រទេសនីមួយៗវិញតែម្តង ជាពិសេស ចំពោះមុខទំនិញដែលចរិតយុទ្ធសាស្រ្តរបស់ជាតិ ដូចជា៖ ម្ហូបអាហារ, ថ្នាំពេទ្យ, ស្បៀង, អាវុធ, គីមី និងបច្ចេកវិទ្យាជាដើម។

ទន្ទឹមនឹងនេះ មនុស្សក៏ចាប់ផ្តើមផ្លាស់ប្តូរ និងចេះរស់នៅតាមរបៀបថ្មី ដោយក្នុងនោះ នឹងមានការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន ហើយការថែទាំ និងបង្ការជំងឺ ក៏នឹងកាន់តែធំជាងមុន ដែលជាហេតុធ្វើឱ្យមានតម្រូវការថ្មី ក្នុងខ្សែសង្វាក់នៃការផ្គត់ផ្គង់ និងសេវាកម្ម។ ជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុ ក៏នៅតែជាបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រទេសនីមួយៗ ហើយក្នុងករណីខ្លះ ការប្រែប្រួលនៃអាកាសធាតុ ក៏បានបង្កើតជាជំងឺខ្លះឥតឈប់ឈរផងដែរ។ គួរគូសបញ្ជាក់ផងដែរថា ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យវិស័យបច្ចេកវិទ្យាមានសន្ទុះរីកចម្រើន និងការអភិវឌ្ឍ ក្នុងល្បឿនមួយដ៏លឿនជាងពេលណាៗទាំងអស់។ ដូច្នេះ កម្ពុជាមិនអាចឃ្លាតចេញពីនិន្នាការពិភពលោកថ្មីខាងលើនេះបានទេ។ ក្នុងន័យនេះ កម្ពុជាត្រូវរកឱ្យឃើញនូវនិន្នាការទាំងឡាយ ដែលអាចបង្កឱ្យ មានបញ្ហាប្រឈម និងប៉ះពាល់ខ្លាំងដល់កម្ពុជា ដើម្បីដាក់ចេញ នូវយុទ្ធសាស្រ្តទប់ទល់ និងសម្រាលនូវការប៉ះទង្គិច និងត្រូវរកឱ្យឃើញនូវនិន្នាការទាំងឡាយណា ដែលអាចបង្កើតជាឱកាសដល់កម្ពុជា ដើម្បីអាចប្រើប្រាស់នូវឱកាសទាំងនោះ ឱ្យអស់ពីសក្តានុពល។

* ទី២៖ ការកំណត់បរិការណ៍ក្នុងស្រុក (Local Context)៖ ទន្ទឹមនឹងនិន្នាការពិភពលោកថ្មី ដែលជាបរិការណ៍ក្រៅ ប្រទេសខាងលើនេះកម្ពុជាក៏ត្រូវពិនិត្យ និងវាយតម្លៃឡើងវិញ នូវស្ថានភាពរួមរបស់ប្រទេស, សក្តានុពលដែលមាន, កម្លាំងធនធាន និងបញ្ហាប្រឈមទាំងឡាយ នៅក្នុងស្រុកផងដែរ ដើម្បីអាចដាក់ ចេញនូវិធានការ អន្តរាគមន៍ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ គួបផ្សំនឹងប្រព័ន្ធអេកូមួយ ដែលសមស្រប បត់បែន និងឆ្លើយតបទៅនឹង ទាំងបរិការណ៍ក្រៅស្រុក និងក្នុងស្រុក ។ ជាមួយគ្នានេះ វិធានការអន្តរាគមន៍ ក្នុងស្តារសេដ្ឋកិច្ចឡើងវិញនេះ ត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍សម្រិតសម្រាំងខ្ពស់ (Selectivity) ដើម្បីកំណត់វិស័យណាដែលចរិតជាយុទ្ធសាស្រ្ត តាមដំណាក់កាលនីមួយៗ ស្របតាមផែនការច្បាស់លាស់ ព្រោះរដ្ឋមិនអាចធ្វើអន្តរាគមន៍គ្រប់វិស័យទាំងអស់ ក្នុងពេលតែមួយបាននោះទេ។ ទន្ទឹមនឹងនេះ ការរៀបចំក្របខណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សក្តិសិទ្ធិភាព និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះ ដើម្បីឱ្យយន្តការសេដ្ឋកិច្ចទីផ្សារអាចដំណើរការបានរលូន ក្នុងការបែងចែក និងប្រើប្រាស់ធនធានរបស់ជាតិឱ្យកាន់តែមានប្រសិទ្ធភាព ។

* ទី៣៖ ការកៀរគរធនធាន៖ ដើម្បីគាំទ្រដល់ការអនុវត្តផែនការ ស្តារសេដ្ឋកិច្ចឡើងវិញ កម្ពុជាត្រូវតែមានធនធានគ្រប់គ្រាន់ ទាំងធនធានហិរញ្ញវត្ថុ និងទាំងធនធានមនុស្ស។ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រដ្ឋចាំបាច់ត្រូវហ៊ានបង្កើនចំណាយធំជាងមុន តាមរយៈការបង្កើនការខ្ចីបន្ថែម និងការកៀរគរធនធានពីវិស័យឯកជន។ ចំពោះការខ្ចីពីក្រៅបន្ថែម គឺកម្ពុជាមិនពិបាកនោះទេ ដោយសារកម្ពុជា នៅសល់លំហរច្រើន សម្រាប់បង្កើនការខ្ចីបន្ថែម ព្រោះបន្ទុកបំណុលក្រៅប្រទេស របស់យើងនៅតិចនៅឡើយ ហើយបច្ចុប្បន្នក៏មានដៃគូរ ជាច្រើនចង់ឱ្យកម្ពុជា ខ្ចីបន្ថែមផងដែរ ។ ដោយឡែក ចំពោះការខ្ចីពីទីផ្សារក្នុងស្រុកវិញ ក៏ជាសក្កានុពលមួយដ៏ធំផងដែរ តែកម្ពុជានៅពុំទាន់បានខ្ចីពីផ្សារនេះនៅឡើយ។ ដូចនេះ ការអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ និងមានជវភាព គឺជាកត្តាគន្លឹះមិនអាចខ្វះបាន។

លោកបានបន្តថា ការបង្កើនទំហំចំណាយតែមួយមុខ នៅមិនទាន់អាចដោះស្រាយបញ្ហាបានទាំងស្រុងនៅឡើយទេ តែអ្វីដែលសំខាន់ជាងនេះ គឺត្រូវចាយឱ្យចំមុខ, តាមនីតិវិធី និងមានប្រសិទ្ធភាព។ លើសនេះទៀត យើងចាំបាច់ត្រូវប្រមូលធនធានទាំងអស់ដែលមាន និងតម្រង់ទិសការប្រើប្រាស់ធនធានទាំងនេះ ឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាព តាមរយៈការបង្កើតក្របខណ្ឌ និងប្រព័ន្ធអេកូមួយសមស្រប ដែលអាចផ្តល់នូវទំនុកចិត្ត, ការលើកទឹកចិត្ត និងទាក់ទាញការចូលរួមពីគ្រប់តួអង្គទាំងអស់ ទាំងរដ្ឋ និងទាំងវិស័យឯកជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ការវិនិយោគដែលមានប្រភពទុនពីក្រៅប្រទេសអាចមានការថមថយចុះមួយរយៈ តែការវិនិយោគដែលមានប្រភពទុនក្នុងស្រុកវិញ នៅមានសក្កានុពលធំ ដែលយើងគប្បីត្រូវចេះទាក់ទាញ និងប្រើប្រាស់ការវិនិយោគនេះ នៅក្នុងវិស័យផលិតកម្ម និងវិស័យដែលជាដង្ហើម នៃសេដ្ឋកិច្ចជាតិ។

លោកក៏បានលើកឡើងផងដែរថា ក្របខណ្ឌយុទ្ធសាស្រ្តថវិកា និងយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង ការវិនិយោគសាធារណៈ ព្រមទាំងសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន និងច្បាប់វិនិយោគថ្មីជាដើម ដែលត្រូវនឹងប្រកាសឱ្យប្រើនាពេលខាងមុខនេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ សម្រាប់ផ្តល់លទ្ធភាពទាំងសម្រាប់រដ្ឋ និងទាំងសម្រាប់ឯកជន ដើម្បីបង្កើនការវិនិយោគបន្ថែម។

ម្យ៉ាងវិញទៀត កម្ពុជាក៏ត្រូវចេះប្រើប្រាស់ធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាពផងដែរ ដោយម្ខាងបែងចែក និងប្រើប្រាស់ធនធាន មនុស្សឱ្យចំទិសដៅ និងម្ខាងទៀត ត្រូវលើកកម្ពស់ផលិតភាព តាមរយៈការបង្កើនគុណភាពការអប់រំ និងជំនាញបច្ចេកទេស។ ជាមួយគ្នានេះ កម្ពុជាក៏ត្រូវគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ដោយភាពឆ្លាតវៃ ដើម្បីបង្កើតតម្លៃឬចំណូលបន្ថែម ដោយម្ខាងធានាឱ្យមាននូវចីរភាពខាងផ្នែកបរិស្ថាន និងម្ខាងទៀត ដើម្បីបានផលចំណេញដល់សេដ្ឋកិច្ច៕