(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ ក្រសួងផែនការ និងអង្គការ UNDP នឹងរៀបចំពិធីប្រគល់ទទួលតាប្លេក (Tablet) សម្រាប់អនុវត្តនីតិវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងផែនការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្រសួងផែនការ បានឲ្យដឹងថា ដោយពិនិត្យឃើញទំហំការងារ ប្រសិទ្ធភាពការងារ មិនអាចគាំទ្រការងារបានទាន់ពេលវេលា, តាមរយៈការស្នើសុំរបស់ក្រសួងផែនការ អង្គការ UNDP បានសម្រេចផ្តល់តាប្លេត (Tablet) ចំនួន១,៧០០គ្រឿងបន្ថែមទៀត ជូនដល់ក្រសួងផែនការ សម្រាប់បើកផ្តល់បន្តជូន ឃុំ/សង្កាត់ ទូទាំងប្រទេសចំនួន១ឃុំ/សង្កាត់ ១គ្រឿងបន្ថែមទៀត។

ក្រសួងផែនការ បានបញ្ជាក់ថា ពីធីប្រគល់ទទួលតាប្លេត (Tablet) សម្រាប់អនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨៖០០នាទីព្រឹក នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ពិធីប្រគល់ទទួលតាប្លេត (Tablet) នេះ មានការអញ្ជើញចូលរួមពី លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ, លោក Christian Berger ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា, លោក Luke Arnold ឯកអគ្គរាជទូតរងប្រទេសអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា, លោក Nick Beresford ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា, ថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៃក្រសួងផែនការ, ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុង ទូទាំងប្រទេស, អង្គការសង្គម ស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធចូលរួមផងដែរ។

នៅពេលបញ្ចប់ នៃពិធីប្រគល់ទទួល, គណៈអធិបតីនឹងផ្តល់កិច្ចសម្ភាសន៍ស្ដីពី «កិច្ច- សហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ ជាមួយ រដ្ឋាភិបាលអូស្ត្រាលី, DFAT និង អង្គការ UNDP» ជូនដល់បងប្អូនអ្នកសារព័ត៌មាន៕