(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ ទិវាកងរាជអាវុធហត្ថនា បានរៀបចំបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ នៃវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដែលជាសំណង់ជំហានដំបូងនៅលើប្លង់រួមដែលមានផ្ទៃដី ២០៧,៧៨៧ ម៉ែត្រការ៉េ ក្នុងចំណោមគម្រោងចំនួន២២គម្រោង។ ចំណែកឯអគារទីចាត់ការនេះមានផ្ទៃក្រឡាទំហំ ២,០១៦ម៉ែត្រការ៉ែ ទទឹងប្រវែង ១១ម៉ែត្រ បណ្តោយប្រវែង៥៦ម៉ែត្រ កម្ពស់៣ជាន់ ប្រើប្រាស់ថវិកា ចំនួន៦៤៣,២០០ដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ១៨ខែ។

នេះជាលើកបញ្ជាក់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការសាសងសង់ទីចាត់ការថ្មីនេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍រចនាសម្ព័ន្ធទន់ រឹង សំដៅលើកកម្ពស់សមត្ថភាព និងធានានិរន្តភាព ការងាររដ្ឋបាលប្រចាំថ្ងៃឱ្យកាន់តែច្រើនឡើងថែមទៀត។ ជាការពិតការអភិវឌ្ឍអង្គភាពមួយចាំបាច់ត្រូវមានជំរុំ ជម្រកស្នាក់នៅ កន្លែងធ្វើការច្បាស់លាស់ សមរម្យមុននឹងឈានដល់ការអភិវឌ្ឍ ធនធានមនុស្ស ទើបថ្ងៃនេះកងរាជអាវុធហត្ថបានរៀបចំជាបណ្តើរៗ ស្របតាមទស្សនៈវិស័យយូរអង្វែង ដែលអាចចាត់ទុកថាជាអង្គភាពគំរូនៅក្នុងកងយោធពលខេមរភូមិន្ទ លើកិច្ចការកែទម្រង់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីភាពលូតលាស់រីកចម្រើនឥតឈប់ឈររបស់កងរាជអាវុធហត្ថតាមដំណាក់កាលនៃការកែទម្រង់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា សំណង់នេះនឹងក្លាយទៅជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បណ្តុះបណ្តាលធនធាន និងធ្វើវិក្រឹត្យការនាយទាហាននៃកងរាជអាវុធហត្ថ បម្រើឱ្យវិស័យសន្តិសុខសណ្តាប់ធ្នាប់ និងការពារជាតិ។

នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតជាលើកដំបូង នៅឆ្នាំ១៩៥៧ ដែលមានឈ្មោះថា «កងរាជអាវុធហត្ថខ្មែរ» ដល់ឆ្នាំ១៩៧១ ត្រូវបានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ» ស្ថាប័នសន្តិសុខមួយនេះ ត្រូវបានលុបបំបាត់ចោលចាប់ពីថ្ងៃទី១៧-មេសា-១៩៧៥ ហើយបុគ្គលិក នៃស្ថាប័ននេះ គឺត្រូវបានកំណត់ជាមុខសញ្ញាដែលត្រូវកម្ទេចផងដែរ។ នៅឆ្នាំ១៩៩៣ «កងអាវុធហត្ថ» ត្រូវបានបង្កើតសាជាថ្មីឡើងវិញ នោះបើតាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតរចនាសម្ពន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា នៅក្នុងរចនាសម្ពន្ធចាត់តាំងនោះ មានកងអាវុធហត្ថផងដែរ។ ចាប់ពីពេលនោះមក កងរាជ អាវុធហត្ថបានសម្រេចយកថ្ងៃទី១៤ ខែកក្កដា ជាទិវាកងរាជអាវុធហត្ថ ឬជាថ្ងៃបង្កើតកងរាជអាវុធហត្ថ។ គិតមកដល់ថ្ងៃនេះកងរាជអាវុធហត្ថកើតបាន៩.៨៥៥ថ្ងៃ ស្មើនឹង២៧ឆ្នាំគត់។

កងរាជអាវុធហត្ថមានតួនាទី ភារកិច្ចស្នូល គឺបង្ការ និងបង្ក្រាបមានវិសាលភាពលើផ្ទៃប្រទេសទាំងមូល មានបេសកកម្មរ៉ាប់រងសកម្មភាពជាប៉ូលិសរដ្ឋបាល ប៉ូលិស តុលាការ និងតម្រួតយោធា។ រួមចំណែកទទួលខុសត្រូវស្រាវជ្រាវ និងបង្ក្រាបបទលើ្មស ក្នុង ក្របខ័ណ្ឌច្បាប់ទៅលើជនស៊ីវិលនិងកងទ័ព នោះបើតាមអនុក្រឹត្យលេខ៧៧ ចុះថ្ងៃទី២១-ធ្នូ-១៩៩៤ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕