(ព្រៃវែង)៖ ថ្លែងចេញពីទឹកដីខេត្តព្រៃវែង ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អត់ទាន់រលំដោយសារជំងឺកូវីដ-១៩នោះទេ ហើយនៅតែមានថវិកាសម្រាប់បើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាធម្មតា។

ការមានប្រសាសន៍បញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានការរិះគន់បែបជាន់ពន្លិចលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំងមួយក្តាបតូច ដែលមិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ បែបជានាំគ្នារិះគន់ទាំងងងឹតងងុល និងរុញច្រានឱ្យរដ្ឋាភិបាលនឹងដួលរលំទៅវិញ។

ការរិះគន់បែបនេះជាគំនិតទុរិយស ដែលមិនគិតពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងទប់ស្កាត់ ការពារ និងបង្ការជំងឺកូវីដ-១៩ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការស្តារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញជាដើម។

ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កុំថាកូវីដ-១៩ រាជរដ្ឋាភិបាលកាត់លុយណា អត់កាត់ទេ ហើយនៅតែបើក២អាទិត្យម្តង រដ្ឋាភិបាល ហ៊ុន សែន អត់ទាន់រលំទេ សូមផ្តាំផ្ញើអាអ្នកថា មានអាមួយនុះ សូមផ្តាំទៅ រ័ត្ន សុធី នៅខាងបន្ទាយមានជ័យ រ័ត្ន សុធី ឯងបាននិយាយថា ផ្តល់លុយឱ្យប្រជាពលរដ្ឋដោយជំនួយរបស់ EU សហគមន៍អឺរ៉ុប ខ្ញុំប្រាប់ទៅលោក សុធី ឯងសំណាងហើយដែលខ្ញុំមិនបញ្ជាឱ្យចាប់ បើថ្ងៃនោះខ្ញុំបញ្ជាឱ្យចាប់ពេលនេះលោក សុធ ឯងនៅក្នុងគុកហើយ លោក សុធី ឯង បានព័ត៌មានមកពីណា ដែលថាខ្ញុំយកលុយពីសហគមន៍អឺរ៉ុប ទៅបើកឱ្យប្រជាពលរដ្ឋក្នុង១ខែ ២៥លាននៀក ឈ្មោះ រ័ត្ន សុធី លោកឯងនៅកន្លែងណា លោកឯងនិយាយយ៉ាងម៉េច លោកឯងចាំខ្លួនលោកឯងទៅ ខ្ញុំផ្តាំទៅលោកឯងតែប៉ុណ្ណឹងទេ»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំងឺកូវីដ-១៩ អាចបំផ្លាញប្រជាពលរដ្ឋកម្ពុជា តែមិនអាចធ្វើឱ្យប្រជាយពលរដ្ឋកម្ពុជាដាច់បាយបាននោះឡើយ ព្រោះជីបចរសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនពាក់សុទ្ធសាធទៅលើវិស័យសេវាទេសចរណ៍ សេវាដឹកជញ្ជូនផ្លូវអាកាស ផ្លូវទឹក ឬផ្លូវគោកនោះទេ ហើយកម្ពុជា ក៏មិនមែនពឹងពាក់តែលើឧស្សាហកម្មមួយមុខណានោះដែរ។ ជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋមិនត្រឹមតែស្រុកខ្មែរនោះទេ គឺលើពិភពលោកតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ប៉ះពាល់គ្រប់ប្រទេសទាំងប្រទេសអ្នកមាន និងអ្នកក្រ។ ញ្ហាកូវីដ១៩ បានធ្វើឱ្យវិស័យឧស្សាហកម្មលើពិភពលោកប៉ះពាល់ជាងកម្ពុជាធ្ងន់ធ្ងរណាស់។ ដូចជាឧស្សាហកម្មផលិតយន្តហោះជាដើម លែងមានទៀតហើយ ព្រោះមិនដឹងលក់ឱ្យនរណា?។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលថវិកានេះ ត្រូវបានបែងចែង និងផ្តល់ដូចតទៅ៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ម៉ឺនរៀល បូកបន្ថែម ៥២,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ម៉ឺនរៀល បូកបន្ថែម ៣៦,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និង អ្នកផ្ទុកមេរោគអេដស៍។

ទី៣៖ តំបន់ជនបទ
* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល បូកបន្ថែម ២៤,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន៨ម៉ឺនរៀល បូកបន្ថែម ១៦,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍៕