(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលសម្របសម្រួលក្បួនជូនថ្នាក់ដឹកនាំឆ្លងកាត់រួចមកលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមដំណើរដោយអភិបាលរងខណ្ឌ លោកវរសេនីយ៍ ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងយកសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិជ្រោយអំពិល ជ្រោយអំពិល១ សង្កាត់ក្បាលកោះដល់ខ្នងផ្ទះ។

បន្ទាប់មកនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃដដែល អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញសំណេះសំណាល និងធ្វើការឧបត្ថម្ភអង្ករជូនដល់អធិការដ្ឋាននគរបាលខណ្ឌ, មូលដ្ឋានកងរាជអាវុធ ហត្ថខណ្ឌ សមាគមនារីខណ្ឌ និងអនុសាខាកាកបាទកម្ពុជាខណ្ឌ ដោយមួយអង្គភាពទទួលបានអង្ករ៥០០គីទ្បូក្រាម និងថវិកា២លានរៀល ដើម្បីបម្រើតាមអង្គភាពតាមតម្រូវការរៀងខ្លួនផងដែរ។

លោកអភិបាលខណ្ឌ បានលើកឡើងថា ដើម្បីសុវត្ថិភាពសហគមន៍ភូមិ អាជ្ញាធរបានប្រើប្រាស់កម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ មន្ត្រីខណ្ឌសង្កាត់ បានចុះល្បាត ពួនស្ទាក់ តាមគោលដៅសំខាន់ៗ ចុះត្រួតពិនិត្យ នៅតាមតំបន់ស្មុគស្មាញ ជាពិសេសកន្លែងផ្ទះជួល ស្នាក់នៅរបស់កម្មករនិងចុះពិនិត្យអាវុធជាតិផ្ទុះតាមទីសាធារណៈ និងចូលរួមផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពនិងផលប៉ះពាល់ផ្សេងៗបណ្តាលមកពីការអភិវឌ្ឍ៕