(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានបាត់បង់ការងារ ងាកមកចិញ្ចឹមត្រី ហើយរាជរដ្ឋាភិបាល នឹងផ្ដល់ជូននូវដើមទុន។

ការអំពាវនាវបែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងសំណេះសំណាល ជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវឲ្យបងប្អូនកម្មករ កម្មការិនី និងបងប្អូនដែលត្រឡប់ពីថៃ ចូលរួមនៅក្នុងវិស័យកសិកម្ម ជំរុញវិស័យកសិកម្ម [...] បង្កើតមុខរបររបៀបចិញ្ចឹមត្រី»

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្លាចនឹងវិនិយោគជំរុញប្រជាពលរដ្ឋចិញ្ចឹមត្រីនោះឡើយ ព្រោះជាការផ្តល់ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងមិនមែនចិញ្ចឹមតែត្រីទេ យើងធ្វើស្រែ តែយើងចិញ្ចឹមត្រីបន្ថែម ដើម្បីទទួលបានប្រាក់ចំណូល ព្រោះនេះ គឺវាជាឱកាស ដែលយើងត្រូវតែចេះចាប់យក។

បើតាមសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងឧបត្ថម្ភសាច់ប្រាក់ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ប្រមាណ១៧ម៉ឺននាក់ ក្នុងមួយខែ៤០ដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃម្សិលមិញ រាជរដ្ឋាភិបាល បានផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ប្រមាណ៥២ម៉ឺនគ្រួសារ ក្នុងទំហំប្រមាណ ៩២ពាន់លានរៀល ស្មើនឹង២៣លានដុល្លារ។

ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យប្រជាកសិករបន្តចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ និងការនាំចេញ។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងខិតខំបន្ថែមទៀត ដែលចាប់ពីពេលនេះតទៅ យើងមិនអាចពឹងការធ្វើវារីវប្បកម្ម ដោយត្រីធម្មជាតិទៀត នោះទេ គឺយើងត្រូវជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមដោយខ្លួនឯង តាមរយៈការបណ្តុះបណ្តាលពីក្រសួងកសិកម្ម។

សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យក្រសួង ឬមន្ទីរកសិកម្ម បន្តការយកចិត្តទុកដាក់បន្ថែមទៀត ដូចជាបណ្តុះបណ្តាលជំនាញបន្ថែម ដល់ប្រជាកសិករ នូវបច្ចេកទេសចិញ្ចឹមសត្វ និងការផ្តល់សម្ភារបច្ចេកទេស និងឲ្យក្រសួងកសិកម្មគិតគូ ក្នុងការរៀបចំដីបង្កើតជាស្រះ សម្រាប់ជួយផ្គត់ផ្គត់ទឹកជូនប្រជាកសិករ៕