(ស្វាយរៀង)៖ តបតាមការសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងមានការយកចិត្តទុកដាក់ពីលោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង និងលោក ណុប ចំរើន អភិបាលក្រុងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានដឹកនាំអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ធ្វើការជួសជុលផ្លូវមួយខ្សែស្ថិតភូមិធ្មល់ សង្កាត់ចេក ដែលរងការខូចខាតនារដូវវស្សា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សរ សុដានី បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរក្រុង តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីសម្រួលដល់ការធ្វើដំណើរដែលមានការលំបាកនៅក្នុងភូមិធ្មល់ សង្កាត់ចេក លោក ជុក មុនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានណែនាំដល់អាជ្ញាធរគ្រប់សង្កាត់ទាំងអស់នៅក្រុងស្វាយរៀង ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយមិនដឹងនោះទេ។ ក្រុមការងារនឹងពិនិត្យមើលផ្លូវណាដែលមានការខូចខាត ហើយធ្វើការជួសជុលឡើងវិញ កុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ឲ្យសោះ។

ប្រជាពលរដ្ឋភូមិធ្មល់ មានចិត្តសប្បាយរីករាយ ដែលបានអាជ្ញាធរក្រុង និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង យកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវមួយខ្សែនេះ ដើម្បីប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលព្រោះ រយះកាលកន្លងមកផ្លូវមួយខ្សែរនេះ មានការលំបាកខ្លាំងក្នុងការធ្វើដំណើរខណៈមានភ្លៀងម្ដងៗ៕