(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានថ្លែងថា ជាវិធានត្រៀមបំរុងទុកជាមុនលើការគ្រប់គ្រងទឹកដែលឆ្នាំកន្លងទៅ នៅរដូវប្រាំង តែងតែប្រឈមទៅនឹងគ្រោះរាំងស្ងួត អាជ្ញាធរមូលដ្ឋានគ្រប់សង្កាត់ទាំង៧ នៅក្នុងក្រុងទាំងមូល ត្រូវសហការគ្នាស្តារអាង ឬត្រពាំងទឹកឱ្យបានច្រើនទៅតាម លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីស្តុបទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។

លោក ហ៊ឹល រ៉ាយ៉ា បានថ្លែងជំរុញយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោករួមនឹងសមាជិកក្រុមប្រឹក្សាក្រុង អញ្ជើញចុះពិនិត្យមើល អាងទឹកចំនួន២កន្លែង នៅសង្កាត់ម្កាក់ និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអភិបាលក្រុង ក៏បានសង្កត់ធ្ងន់ថា រាល់ដំណើរការនៃការស្តារអាង ឬត្រពាំង ដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋត្រូវធ្វើលិខិតសុំច្បាប់ឲ្យបានត្រឹមត្រូវ មកអាជ្ញាធរ ក្នុងការស្តារអាងឬត្រពាំងទឹកទុកសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់មិនថាតែរដូវប្រាំងឬវស្សាឡើយ។

លោក ហ៊ឹល រ៉ាយ៉ា ក៏បានណែនាំដល់អាជ្ញាធរសង្កាត់ មេភូមិត្រូវធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួនឲ្យពួកគាត់ប្រើប្រាស់ទឹក ដោយលក្ខណៈ សន្សំសំចៃខ្ពស់ ពីព្រោះនៅពាក់កណ្តាលខែកក្កដានេះកម្ពុជាយើងជួបនឹងកូនរដូវប្រាំង ដល់ដំណាច់ខែកក្កដា ហើយតំបន់មួយចំនួនក៏កំពុងតែប្រឈមទៅនិងការប្រើប្រាស់ ទឹកផងដែរ ដូច្នេះសូមបងប្អូនពលរដ្ឋចូលរួមទាំងអស់គ្នា ពិសេសត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមាន។

ចំពោះសកម្មភាពចុះពិនិត្យទីតាំងទាំង២កន្លែងមាន អាងទឹកភូមិឈូក ស្ថិតនៅសង្កាត់ម្កាក់ ដែលអាចបំពេញតម្រូវការប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ៣ភូមិ និងអាងទឹក តាកុច ស្ថិតនៅក្និងសង្កាត់ទឹកថ្លា ជាអាងធំនៅក្នុងក្រុងដែលអាបំពេញតម្រូវការប្រើប្រាស់ នឹងធ្វើស្រែប្រាំងជាច្រើនហិកតាផងដែរ៕