(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានរំលឹកអំពីការប៉ុនប៉ងធ្វើឃាតសម្តេច នៅខេត្តសៀមរាប កាលពីឆ្នាំ១៩៩៨ បន្ទាប់ពីមានការបាញ់សម្លាប់ប្អូនថ្លៃរបស់ សម្តេចនៅឆ្នាំ១៩៩៦។

ថ្លែងក្នុងពេលទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា៖ «អ្នកណាបានស្វែងរកយុត្តិធម៌សម្រាប់ខ្ញុំ ពេលគេបាញ់ប្អូនថ្លៃខ្ញុំស្លាប់ម្នាក់ នៅកណ្តាលក្រុងភ្នំពេញ ឆ្នាំ១៩៩៦ នៅឆ្នាំ១៩៩៨គេបាញ់ខ្ញុំ៤គ្រាប់បេ ប៉ុន្តែផ្ទុះ៣គ្រាប់ស្លាប់ប្រជាពលរដ្ឋម្នាក់ កូនក្មេងម្នាក់ របួសម្នាក់ អ្នកណាខ្វល់ខ្វាយរកយុត្តិធម៌ឱ្យខ្ញុំ ឬអាងថាជីវិតនាយករដ្ឋមន្រ្តីអត់តម្លៃទើបបានមិននាំគ្នារកយុត្តិធម៌ឱ្យ តែខ្ញុំមិនតាមចងកម្មពារទេ»។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានករណីបាញ់គ្រាប់រ៉ុក្កែត B40 មួយគ្រាប់ក្នុងចំណោម៤គ្រាប់ហោះសំដៅរថយន្តសម្តេចតេជោ ហ៊ុន សែន អំឡុងពេលទៅចូលរួមប្រជុំនៅព្រះរាជដំណាក់ នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ គ្រាប់បេនេះ មិនបានត្រូវរថយន្តសម្តេចទេ ហើយបានទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកនៅលើ Facebook ២០ឆ្នាំក្រោយកើតហេតុថា ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឱ្យខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតសម្តេចត្រូវចប់តាំងពីពេលនោះមក។

សម្តេចបញ្ជាក់ទៀតថា «ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប? បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ? នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ»។

ក្នុងនាមជាអ្នកមានជំនឿផ្លូវក្នុង សម្តេចបានថ្លែងអំណរគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារសម្តេចនាពេលនោះ។

ទោះជាយ៉ាងនេះក្តី សម្តេចបានអហោសិកម្មឱ្យអ្នកដែលចង់សម្លាប់សម្តេចនៅខេត្តសៀមរាបរួចហើយ បើទោះជាសម្តេចមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ។ សម្តេចបញ្ជាក់ដែរថា៖ «ប៉ុន្តែអ្នកត្រូវដឹងថា ពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឱ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឱ្យពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៏ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាអោយខានតែបាន»