(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់អនុសាសន៍១១ចំណុច ដល់កងរាជអាវុធហត្ថនៅទូទាំងប្រទេស ដើម្បីសម្រេចទស្សនទានចក្ខុវិស័យ និងទប់ស្កាត់បញ្ហាប្រឈមនានា ជាពិសេសការអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៏ដ៏ឆ្នើមរបស់កម្ពុជា។

ការផ្តល់អនុសាសន៍ទាំង១១ចំណុចនេះ របស់សម្តេចរដ្ឋមន្ត្រីការពារជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ពិធីប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅរាជធានីភ្នំពេញ។

កម្មពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី តំណាងក្រសួងស្ថាប័ន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងសេនានុព័ន្ធយោធាប្រទេសជាមិត្ត យ៉ាងច្រើនផងដែរ។

អនុសាសន៍ទាំង ១១ចំណុចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមាន៖

*ទី១៖ ត្រូវតាមដានក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ទូទៅ និងសភាពការណ៍ទាក់ទងជំនាញ ព្រមទាំងមានវិធានការទប់ស្កាត់ និងបកស្រាយទាន់ពេលវេលារាល់ព័ត៌មានដែលបំផ្លើសខុស ពីការពិតគ្រប់រូបភាព។ ពង្រឹងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង និងការអនុវត្តម៉ឺនម៉ាត់ឋានានុក្រុមកងយោធពលខេមរភូមិន្ទ។

*ទី២៖ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរូមថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា។ ស្រាវជ្រាវ និងបង្ក្រាបនូវរាល់បទល្មើស ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ការកាប់ទន្ទ្រាដីរដ្ឋ និងអំពើល្មើសច្បាប់នានា និងគាំទ្រដល់ស្ថាប័នមានសមត្ថកិច្ច «គយ រដ្ឋាករ ពន្ធដារ» ក្នុងការប្រមូលថវិកាជាតិ និងត្រៀមចូលរួមការងារមនុស្សធម៌ កិច្ចការងារសង្គម និងការសង្គ្រោះគ្រោះមហន្តរាយ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ។

*ទី៣៖ ត្រូវយកចិត្តទុកដាក់រៀបចំ និងពង្រឹងរចនាសម្ព័ន្ធចាត់តាំង ឱ្យសមស្របតាមអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ ក្របខ័ណ្ឌចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកំណត់។

*ទី៤៖ បន្តយកចិត្តទុកដាក់អប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ សំដៅអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។

*ទី៥៖ បន្តយកចិត្តទុកដាក់ការងារចិញ្ចឹម ថែទាំសុខភាពកងទ័ព និងបន្តជំរុញការបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពកាន់តែប្រសើរឡើងថែមទៀត និងបន្តគោរពវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។

*ទី៦៖ ត្រូវថែទាំងមធ្យោបាយ ឧបករណ៍ សម្ភារៈ អាវុធ និងគ្រាប់ បង្ការកុំឱ្យឆេះខូចខាត បាត់បង់ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តាមលក្ខណៈបច្ចេកទេសបានកំណត់។

*ទី៧៖ ត្រូវខិតខំថែរក្សា ជួសជុលសំណង់ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់សំណង់ថ្មី តាមលក្ខណៈបច្ចេកទេសធានាការប្រើប្រាស់ប្រកបដោយគុណភាព និងយូរអង្វែង។

*ទី៨៖ បន្តការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ធ្វើបញ្ជីគោលដីធ្លីប្រចាំឆ្នាំ និងសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយអាជ្ញាធរដែនដី និងមន្ទីរ ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើបណ្ណសម្គាល់អសលនទ្រព្យ តាមអង្គភាពនីមួយៗ ឱ្យបានឆាប់ និងច្បាស់លាស់។

*ទី៩៖ បន្តយកចិត្តទុកដាក់ការងារគោលនយោបាយសរសើរ លើកទឹកចិត្ត និងគោលនយោបាយដោះស្រាយទុកលំបាក ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ។
ទី១០៖ យកចិត្តទុកដាក់ត្រួតពិនិត្យការអនុវត្តការងារទៅតាមតួនាទី ភារកិច្ចឱ្យមានម៉ឺងម៉ាត់តាមឋានានុក្រមកងយោធពលខេមរភូមិន្ទ និងខិតខំយកចិត្តទុកដាក់កសាងអង្គភាព។

និងទី១១៖ ចូលរួមចងក្រងច្បាប់ និងលិខិតបទដ្ឋានគិតយុត្តនានា ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធិភាពតាមសំណើរ សំណូមពរ និងសេចក្តីត្រូវការជីវភាពរស់នៅប្រចាំថ្ងៃ និងបំណងប្រាថ្នារបស់ប្រជាជន៕