(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ មានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន៧៥គ្រួសារ មកពីសង្កាត់ទាំង១២ នៅក្នុងក្រុងសៀមរាប ពិធីនេះធ្វើឡើងនៅបរិវេន សាលាបឋមសិក្សា មុខនាគ។

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

អ្នកឧកញ៉ា ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងនេះ គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនងាយរងគ្រោះ តាមរយៈសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ហើយអំណោយមនុស្សធម៌ទាំងនេះអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលដែរ ដែលនេះបង្ហាញពីការ យកចិត្តទុក្ខដាក់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំពិសេសកាកបាទក្រហមកម្ពុជា សមនឹងពាក្យស្លោកយើងថា«កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានលើកឡើងថា រដូវនេះមានភ្លៀងធ្លាក់ត្រូវចុះប្រុងប្រយ័ត្នចំពោះសុខភាព ព្រោះមូលខ្លានឹងកើតឡើងច្រើន វាខាំបណ្ដលឱ្យកើត ជំងឺគ្រុនឈាម ជាងនេះក៏ត្រូវរកទីសុវត្ថិភាពដើម្បីការពារខ្លួនពីផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុផងដែរ។

អ្នកឧកញ៉ា ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួន អ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល។

ត្រូវអនុវត្តន៍ជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។ ដោយសារជំងឺកូវីដ-១៩ កំពុងរាតត្បាត ទូទាំងសកលលោក សូមបងប្អូនកុំធ្វើចំណាកស្រុកដោយខុសច្បាប់ ចាញ់បោកមេខ្យល់ជាដើម បងប្អូនអាចស្វែងរកការងារក្នុងស្រុកធ្វើបានហើយ ក៏អាចទទួលបាន ចំណូលប្រហាក់ប្រហែលគ្នាដែរ។

ទន្ទឹមនេះដែរ អ្នកឧកញ៉ាបណ្ឌិត បានអំពាវនាវឱ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសាររបស់ខ្លួន និងអ្នកដទៃ ឈានទៅរកការកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបណ្ដាលឱ្យស្លាប់ឬមានពិការភាពជាដើម។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, អាវយឺត២, និងថវិកា ៤ម៉ឺនរៀល។

ជាមួយគ្នានេះដែរ ព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប ក៏បានប្រទានបន្ថែមក្នុង ១គ្រួសារ ចានស្រាក់១ និងថវិកា ១ម៉ឺនរៀលផងដែរ៕