(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងតាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជូន Escavator១គ្រឿង ទៅស្តារប្រឡាយមួយខ្សែប្រវែងប្រហែល១,០០០ម៉ែត្រ និងតម្លើងម៉ាស៊ីនបូមទឹកកំលាំ៦៥សេះ ចំនួន២គ្រឿងទៀត ដើម្បីបូមទឹកពីប្រឡាយរងឈូកខ្សាច់ដាក់បញ្ចូលតាមប្រឡាយរងតាសួង ដើម្បីធ្វើការស្រោចស្រពបន្ថែម នៅតំបន់ប្រឡាយរងហ៊ុនសែនបារាយណ៍ផងដែរ ដែលនៅទីនោះមាន២ភូមិ គឺភូមិពោធិ៍ពី និងភូមិចតុលោក មានផ្ទៃដីរងផលប៉ះពាល់ជិត៣០០ហិកតា។

លោក យូ ឡា បានឱ្យដឹងថា នៅដើមឆ្នាំនេះរបាយណ៍ទឹកភ្លៀងមានសភាពតិចតួច ធ្វើឲ្យប្រភពទឹកសម្រាប់ប្រើប្រាស់ ក្នុងការធ្វើស្រែប្រាំងមិនគ្រប់គ្រាន់ អាចនឹងខូចខាតស្រូវជាច្រើនហិចតារបស់ ប្រជាពលរដ្ឋ ប៉ុន្តែដោយមើលឃើញពីការលំបាកនេះមន្ទីធនធានទឹក ក៏បានផ្តល់នូវម៉ាស៊ីន បូមទឹកចំនួន២គ្រឿង ដើម្បីបាននាំទឹកពីប្រឡាយមេ (ប្រឡាយឈូកខ្សាច់) ទៅប្រឡាយជើងក្អែបបន្តចែកជូនទៅកាន់ស្រែរបស់ពលរដ្ឋផងដែរ។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា មន្ទីរក៏បានត្រៀមខ្លួនជាស្រេចសម្រាប់ការងារអន្តរាគមន៍នេះ ដោយមានម៉ាស៊ីនខ្នាតធំចំនួន២០គ្រឿង និងប្រេងមួយចំនួន សម្រាប់ជួយសង្គ្រោះស្រូវ របស់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលជួបបញ្ហាខ្វះខាតទឹក។

លោកបានបន្ថែមទៀតថា កន្លងមកមន្ទីរធនធានទឹក បានអន្តរាគមន៍បូមទឹកពីប្រឡាយមេ បញ្ចូលបន្ថែមលើប្រឡាយរងហ៊ុនសែនបារាយណ៍ ដោយប្រើប្រាស់ម៉ាស៊ីន បូមទឹកកំលាំង៦៥សេះ ចំនួន២គ្រឿង ជូនប្រជាកសិករបន្តបូមបញ្ចូលស្រែអស់រយ:ពេល១៥ថ្ងៃហើយ សម្រេចបាន៩០%ហើយ និងកំពុងអន្តរាគមន៍បូមបន្តទៀតនៅប្រព័ន្ធ ស្រោចស្រពប្រឡាយរងហ៊ុនសែនបារាយណ៍ ប្រើប្រាស់ប្រភពទឹកពីទំនប់អាងទឹកស្ទឹងជីនិត (១មករា) តាមប្រឡាយមេស្ទឹងជីនិត ខាងត្បូង ដែលមានផ្ទៃដីសរុបប្រហែល ២,៥០០ហិកតា ដែលបានធ្វើស្រែបង្កើនរដូវហើយផ្ទៃដីស្រែទាំងអស់នោះ បាននិងកំពង់ជួបការខ្វះខាតទឹកចាប់តាំងពីចុងខែមិថុនាមកម្ល៉េះ។

ប្រជាពលរដ្ឋលើកឡើងដែរថា បរិមាណធាទឹកនៅក្នុងប្រឡាយមេឆ្នាំនេះ មានសភាពតិចជាងរាល់ឆ្នាំដែលមិនអាចឲ្យទឹកហូរចូលតាមប្រឡាយតូចៗទៅកាន់ស្រែបាន ដូច្នេះធ្វើឲ្យប្រភពទឹកទៅមិនដល់ស្រែរបស់ពួកគាត់។ ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណដល់ប្រមុខរារដ្ឋាភិបាល និងក្រសួងធនធានទឹក ដែលបានផ្តល់ម៉ាស៊ីបូមទឹកសង្គ្រោះស្រូវរបស់គាត់ផងដែរ៕