(ឧត្តរមានជ័យ)៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងតំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន រដ្ឋបាលខេត្តឧត្តរមានជ័យ និងមូលនិធិ Sir Bobby Charlton។

ពិធីនេះមានការអញ្ជើញចូលរួម លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តឧត្តរមានជ័យ លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា ថ្នាក់ដឹកនាំអាជ្ញាធរមីន មន្ទីរវិស័យពាក់ព័ន្ធ រដ្ឋបាលស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រតិបត្តិករដោះមីន CMAC, Halo Trust, MAG, CSHD។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនបងប្អូនប្រជាពលរដ្ឋស្រុកអន្លង់វែង ទាំងអស់ ព្រមទាំងបានក្រើនរំលឹកបន្ថែមទៀត នូវការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្នុងនាម សម្តេចតេជោដែលជាស្ថាបនិក និងប្រតិបត្តិករសន្តិភាពនៅកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ស្រុកអន្លង់វែងទាំងមូល ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សា និងគាំពារដល់សន្តិភាពជូនដល់ប្រទេសជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដើម្បីបញ្ចប់សង្រ្គាមនៅចុងឆ្នាំ១៩៩៨ ដែលបានធ្វើអោយទឹកដីយើងទាំងមូលមានសុខសន្តិភាពពេញលេញ ក្នុងនោះបានធ្វើឲ្យប្រតិបត្តិករ ដោះមីនរបស់យើង បានចូលទៅដល់គ្រប់ទីកន្លែងទាំងអស់ ដោយគ្មានការភ័យខ្លាច ដើម្បីចូលរួមរំដោះផ្ទៃដីពីការគម្រាមកំហែងដោយសារមីន/គ្រាប់ ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ស្រុកអន្លង់វែង គឺជាទឹកដីដែលមានប្រវត្តិសាស្ត្រដ៏ជូរចត់នៃការឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងជម្លោះផ្ទៃក្នុងប្រទេសកម្ពុជា ព្រមទាំងបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិបែកបាក់គ្នា។ លោកបានបន្តទៀតថា លទ្ធផលនៃជម្លោះនេះ បានបន្សល់នូវគ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងជនរងគ្រោះដោយសារសង្គ្រាមយ៉ាងច្រើន រហូតដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមានពិការភាពទាំងអស់ ត្រូវបន្តកសាងនូវសេដ្ឋកិច្ចគ្រួសារឲ្យបានរឹងមាំ និងឈរជាបង្អែកយ៉ាងកក់ក្ដៅ សម្រាប់ក្រុមគ្រួសាររបស់ខ្លួនផងដែរ។ លោកទេសរដ្ឋមន្រ្តី បន្តទៀតថា ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់មូលនិធិ Sir Bobby Charlton ដែលបានជួយផលិតផ្ទាំងបាណូអប់រំគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីលើកកម្ពស់ការយល់ដឹង និងបង្ការគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋមូលដ្ឋាន។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ បានរំដោះផ្ទៃដីមានមីនប្រមាណ១៥២ គីឡូម៉ែត្រក្រឡា និងនៅសល់ផ្ទៃដីមានការគម្រាមកំហែង ដោយសារមីន/គ្រាប់ជាង ២៦០ គីឡូម៉ែត្រក្រឡា។ ដោយឡែកនៅស្រុកអន្លង់វែង បានរំដោះផ្ទៃដីមានមីនជាង ២៤ គីឡូម៉ែត្រក្រឡា និងនៅសល់ផ្ទៃដីរងផលប៉ះពាល់ ដោយសារមីនប្រមាណ ២៦ គីឡូម៉ែត្រក្រឡា៕