(ប៉ៃលិន)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ សហការជាមួយ មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) លើចំណីអាហារនៅផ្សារប៉ាហ៊ី ដើម្បីរកសារធាតុគីមី ដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំង បិទ ស្ទីកឃ័ររបស់ក្រសួងពាណិជ្ជកម្ម និងណែនាំអំពីតម្លៃគុណភាព បរិមាណ ជូនដល់ម្ចាស់ស្ថានីយប ដេប៉ូប្រេង ឥន្ធនៈទូទាំងខេត្តប៉ៃលិនផងដែរ។

លោក ឈឹម វាសនា ប្រធានសាខា ក.ប.ប. ខេត្តប៉ៃលិន បានលើកឡើងថា ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយឱ្យប្រប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ បានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ និងគ្មានច្បាប់អនុញ្ញាត។

លោកប្រធានបានបន្តថា ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីជំនាញបានចុះមកធ្វើតេស្តបឋម (Test Kit) ទៅលើចំនីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សាប៉ាហ៊ី ដើម្បីរកសារធាតុហាមឃាត់ ដូចជា៖ ពពុះសណ្ដែក សរសៃបាញ់កាញ់ សរសៃគុយទាវ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ដែលបង្កឱ្យមានគ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលពួកគាត់តែងតែទិញទៅបរិភោគប្រចាំថ្ងៃ។

នៅក្នុងោកាសនោះដែរ លោក ឈឹម វាសនា បានណែនាំដល់អាជីវករទាំងអស់ កុំឲ្យយកទំនិញណាដែលខូចគុណភាពទំនិញ ដែលមិនមានច្បាប់ អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាក សញ្ញាត្រឹមត្រូវ មកដាក់តាំង លក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យខាតបង់ពេលវេលា និងសេដ្ឋកិច្ចគ្រួសាររបស់បងប្អូន ទន្ទឹមនឹងនេះ អាជីវករទាំងអស់ត្រូវយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

បន្ទាប់ពីធ្វើ (Test Kit) នៅចំណីអាហារ មន្ត្រីជំនាញ ក៍បានបន្តបេសកម្មបិទ ស្ទីកខ័រ ណែនាំជូនដល់ម្ចាស់ស្ថានីយ ដេប៉ូប្រេងឥន្ធនៈទូទាំងខេត្ត ដើម្បីអោយដឹងពីនិតិវិធីនៃការរៀបចំកន្លែង អោយបានត្រឹមត្រូវ នឹងបំពេញលក្ខ័ណ្ឌឯកសារយល់ដឹងពីការផាក់ពិន័យការលក់ប្រេងនីមួយៗ ឲ្យមានតម្លៃសម្យមមានគុណភាព បរិមាណតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។

បើតាមការបញ្ជាក់របស់មន្ត្រីជំនាញ ក.ប.ប. ខេត្ត បន្ទាប់ពីធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន មានដូចជា៖ ពពុះសណ្ដែក សរសៃបាញ់កាញ់ សរសៃគុយទាវ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលទំនិញទាំងនោះឡើយ៕