(ភ្នំពេញ)៖ ឃាតកម្មប្ដីសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ រួមទាំងមានកូនក្នុងផ្ទៃ៥ខែ រួចយកពូថៅញាត់ចូលមាត់សាកសពនោះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាលតាមស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានហើយ នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ក្រោយពីទទួលបានបទបញ្ជាខាងលើ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោក គឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌ ជាមួយលោកវរសេនីយ៍ត្រី ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ និងផ្នែកជំនាញពាក់ព័ន្ធ បានបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាប្ដីឈ្មោះ កែវ វណ្ណៈ ហៅណាក់ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ ស្រីពៅ អាយុប្រហែល៣៥ឆ្នាំ មានផ្ទៃពោះប្រហែល៥ខែ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

គួរជម្រាបថា ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។ មុនពេលកើតហេតុ កុមារម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ថា ខណៈរូបគេកំពុងអង្គុយលេងហ្គេមទូរស័ព្ទនៅផ្ទះ ដែលស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ស្រាប់តែលែសំឡេងឈ្មោះ កែវ វណ្ណៈ ដែលរស់នៅក្នុងដីឡូត៍ក្បែរផ្ទះ បានស្រែកឲ្យប្រពន្ធថា ខាំអណ្តាតធ្វើអី ហើយជនសង្ស័យឈ្មោះ កែវ វណ្ណៈ បានជិះកង់គេចខ្លួនបាត់។

ក្រោយមកឈ្មោះ យន់ មករា បានទូរស័ព្ទប្រាប់ម្តាយរបស់ខ្លួនឲ្យបានដឹងរឿង ក៏ផ្អើលឆោឡោឡើងភ្លាមៗនោះ នៅវេលាម៉ោង៨៖២០នាទីយប់ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានចុះមកដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះដេកស្លាប់ ដោយមានពូថៅដងឈើនៅក្នុងមាត់ និងមានស្កុតថ្លា១ដុំនៅក្បែរខ្លួនសព។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការទំនាក់ទំនងទៅការិយាល័យជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការពិនិត្យមើលសាកសពស្ត្រីរងគ្រោះខាងលើ និងបានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយសារការថប់ដង្ហើម បណ្ដាលមកពីយកពូថៅ ញាត់មាត់៕