(ប៉ៃលិន)៖ ករណីប្លន់ប្រដាប់អាវុធ ដោយកាំភ្លើងអាកា៤៧ និងប្រើពូថៅ នៅផ្ទះផ្ទេរប្រាក់Wing ស្ថិតនៅផ្សារប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦នេះ ជាលទ្ធផល នៃប្រតិបត្តិការចេញបង្ក្រាបក្រុមចោរនោះ កម្លាំងសមត្ថកិច្ច រកឃើញតែម៉ូតូមួយគ្រឿងប៉ុណ្ណោះ ខណៈដែលជនសង្ស័យទាំង២នាក់ បានយកលុយ និងទ្រព្យសម្បត្តិ របស់ជនរងគ្រោះ​ជិត១ម៉ឺនដុល្លារ គេចខ្លួនបាត់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្រោយបញ្ចេញប្រតិបត្តិការ ចេញបង្ក្រាបក្រុមចោរទាំងនេះ ក្រោយកើតហេតុនោះ កម្លាំងនគរបាលបាន​ប្រទះឃើញម៉ូតូម៉ាកវ៉េវមួយគ្រឿង ពណ៌ខ្មៅ​លាយក្រហម ពាក់ស្លាកលេខបាត់ដំបង 1K-3640 ស្ថិតនៅចំណុច ហួសបន្ទាយទាហានខេត្ត ប្រហែលជា២គីឡូម៉ែត្រដែលពួកវាបោះចោល។ សម្រាប់ករណីប្លន់ប្រដាប់អាវុធ នៅកណ្តាលក្រុង​ប៉ៃលិនខាងលើនេះ មន្រ្តីនគរបាល បានបញ្ជាក់ថា មានជនរងគ្រោះ៣នាក់ ដែលរងរបួសដោយសារក្រុមចោរកាប់នឹងពូថៅ រួមមាន ជីតាឈ្មោះ ហេង វ៉ាន់ថន អាយុ៦៣ឆ្នាំ ដាច់បំពងក កូនប្រុសឈ្មោះ ងួន ចិន្តា អាយុ៤១រងរបួសធ្ងន់ និងចៅស្រី វ៉ាន់ថន គឹមលាង អាយុ២ឆ្នាំរងរបួសស្រាល ខណៈជនល្មើស២នាក់ ម្នាក់កាន់កាំភ្លើង និងម្នាក់ទៀតកាន់ពូថៅ។ សម្រាប់លុយ និងទ្រព្យសម្បត្តិ ដែលត្រូវបាត់បង់វិញរួមមាន លុយថៃ១៧០០០០បាត លុយដុល្លារ២​ពាន់ដុល្លារ លុយខ្មែរ២លានរៀល កាតទូរស័ព្ទ ប្រហែល៨០០ដុល្លារ និងទូរស័ព្ទ ២គ្រឿង។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៤៖៣០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងអាកា៤៧មួយដើម និងពូថៅមួយដើម បានចូលទៅភ្ជង់ និងប្លន់យកលុយពីជនរងគ្រោះផ្ទះផ្ទេរប្រាក់Wing យីហោ ហេង រចនា រួចហើយបើកម៉ូតូគេចខ្លួនបាត់ ដោយលុយជិត១ម៉ឺនដុល្លារទៅជាមួយ៕