(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងអំណរគុណសម្តេច ឯកឧត្តម ឧកញ៉ា លោកជំទាវ លោកតា លោកយាយ លោកអ៊ុំ ពូមីងបងប្អូនទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មាតា។

ក្នុងសេចក្តីថ្លែងអំណរគុណមានខ្លឹមសារថា: «ក្នុងនាមគ្រួសារសព របស់មហាឱបាសិកា មួង ហ៊ន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះជូន ចំពោះសម្តេច ឯកឧត្តម ឧកញ៉ា លោកជំទាវ លោកតា លោកយាយ លោកអ៊ុំ ពូមីងបងប្អូនទាំងអស់ ដែលបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មាតា ជាទីគោរពស្រលាញ់របស់ខ្ញុំ តាមរយៈការផ្ញើសាររំលែកទុក្ខ ក៏ដូចជាការចូលរួមបុណ្យដោយផ្ទាល់។

ខ្ញុំក៏សូមអរព្រះគុណចំពោះសម្តេចព្រះពោធិវ័ង្ស សម្តេចព្រះវនរ័ត ជាទីគោរពសក្ការៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៃវត្តអម្ពវ័ន ហៅវត្តព្រែកថ្មី និងព្រះគុណម្ចាស់ នៃតំណាងវត្តជាច្រើនទៀត និងសូមអរគុណចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់សម្តេច ឯកឧត្តម ឧកញ៉ា លោកជំទាវ លោកតា លោកយាយ លោកអ៊ុពូមីងបងប្អូនទាំងអស់ និងសូមថ្វាយប្រគេនពរ ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរសម្តេច ឯកឧត្តម ឧកញ៉ា លោកជំទាវ លោកតា លោកយាយ លោកអ៊ុំ ពូមីង បងប្អូនទាំងអស់ ឲ្យបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសម្រេចគ្រប់ភារកិច្ច»

សូមបញ្ជាក់ថា មហាឧបាសិកា មួង ហ៊ន បានទទួលមរណភាព នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១៖០៩នាទីយប់ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
សពរបស់មហាឧបាសិកា មួង ហ៊ន ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ ២៣R ផ្លូវលេខ ៣៦៨ សង្កាត់ច្រាំងចម្រះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ សពមហាឧបាសិការបានរំកិលចេញពីគេហដ្ឋាន ទៅបញ្ចុះនៅក្នុងទីវត្តអម្ពរវ័ន្ត ហៅវត្តព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមប្រពៃណី ព្រះពុទ្ធសាសនា និងបានប្រារព្ធពិធីបុណ្យគម្រប់ខួប៧ថ្ងៃរួចរាល់ កាលពីវេលាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ៕