(ភ្នំពេញ)៖ លោក អ៉ិត សំហេង ចាត់ទុកថា វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាបានដើរតួនាទីសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ដែលរហូតមកដល់ពេលនេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានក្នុងប្រទេសកម្ពុជា ជាពិសេសបានបង្ហាញនូវលទ្ធផលជាក់ស្តែងទាំងបរិមាណ និងគុណភាព។

នេះបើតាមការលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ដឹកនាំដោយលោក ណុប នរិន្ទ ជាប្រធាននាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងការងារ។

លោករដ្ឋមន្ត្រីបានសន្យានឹងរកពេលវេលាណាមួយសមរម្យ ដើម្បីចុះជួបផ្តល់កម្លាំងចិត្តដោយផ្ទាល់ដល់វិទ្យាស្ថានទាំងអស់ ដែលបានកំពុងតែបិទសាលាបណ្តុះបណ្តាលរបស់ខ្លួនមួយរយៈកន្លងមកនេះ ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនេះ។

លោក ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីវឌ្ឍនភាពរបស់សមាគមក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមនូវសកម្មភាពសង្គម ក៏ដូចជាបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលសមាគមនេះបានជួបប្រទះ និងស្នើសុំឱ្យមានការបើកឱ្យដំណើរការឡើងវិញ ចំពោះវិទ្យាស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងស្នើសុំជ្រើសរើស និស្សិតឱ្យចូលរៀនវិញដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិង ក្រសួងការងារ ។ ដោយសារតែសមាជិកនៃសមាគម កំពុងជួបនូវបញ្ហាថ្លៃជួលអគារសិក្សា ក៏ដូចជាចំណាយផ្សេងៗ ក្នុងកិច្ចដំណើរការរបស់វិទ្យាស្ថាន ជាពិសេសការផ្តល់សេវានានារបស់ខ្លួនក្នុងដំណាក់កាលនៃវិបត្តិជាសកលនេះ។

លោករដ្ឋមន្ត្រីលើកឡើងថា
អ្វីដែលអាចធ្វើឱ្យវិទ្យាស្ថានអាចទៅមុខបានអាស្រ័យទៅលើស្ថានភាពនៃកូវីដ១៩នេះ ថាតើបានធូរស្រាលកម្រិតណា ព្រោះបច្ចុប្បន្នវាកំពុងតែវាយលុកបណ្តាប្រទេសជាច្រើន ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានបញ្ហាប្រឈមលើទីផ្សារ សេដ្ឋកិច្ច និង ទេសចរណ៍។

លោករដ្ឋមន្រ្តីបានរំលឹកថា កន្លងមកនេះ រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានយ៉ាងល្អប្រសើរ គឺមិនមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសារបញ្ហានេះនៅឡើយទេ គឺអ្នកជំងឺទាំងអស់បានហូរចូលពីបរទេស ហើយក្រសួងសុខាភិបាលបានគ្រប់គ្រងបានយ៉ាងល្អ បើទោះជាពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្តី។

លោករដ្ឋមន្ត្រីសុំការយោគយល់ពីស្ថាបនិកទាំងអស់នៃសាលា-វិទ្យាស្ថាន ក៏ដូចជាគ្រឹះស្ថានសិក្សានានា ដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកនាពេលនេះ ដើម្បីបញ្ចៀសពីការចម្លងនៅក្នុងសហគមន៍របស់យើង ប៉ុន្តែយ៉ាងណាសម្រាប់វិស័យអប់រំបានបើកជា៣ដំណាក់កាល ដំណាក់កាលទីមួយ គឺបើកសាលាណាដែលមានសុវត្ថិភាព អនាម័យខ្ពស់ រួមមានកូនមន្រ្តីទូត កូនអ្នកជំនួញ ឬអ្នកវិនិយោគ បានរៀនសូត្រនៅកម្ពុជា ហើយក៏កំពុងពិនិត្យលទ្ធភាព បើកជំហានទី២ និងទី៣ជាបន្តបន្ទាប់ ជាពិសេសក៏កំពុងពិនិត្យលទ្ធភាពបើករោងជាងជាមុនសិន ដែលបានកំពុងធ្វើការស្នើសុំ រង់ចាំការសម្រេចពីរាជរដ្ឋាភិបាល។ រាល់សំណើរបស់សមាជិកនៃសមាគម លោករដ្ឋមន្រ្តីបានទទួលយក និងដាក់ស្នើបន្តទៅសុំការសម្រេចពីរាជរដ្ឋាភិបាល ប៉ុន្តែបើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គឺត្រូវតែធានាឱ្យបាននូវលក្ខខណ្ឌអនាម័យខ្ពស់ ហើយបង្កើតឲ្យមានក្រុមការងារចុះអង្កេតគ្រប់សាលាទាំងរដ្ឋ និងឯកជន បើរកឃើញថា មិនបានអនុវត្តតាមគោលការណែនាំបានល្អទេ នឹងត្រូវផ្អាកវិញជាបន្ទាន់។

សម្រួលឥណទានមួយចំនួនដើម្បីបង្កើតកម្មវិធីសិក្សា វិទ្យាស្ថានខ្លះរៀនតាមកម្មវិធីផ្សេងៗ តាមអ្វីដែលអាចមានលទ្ធភាពក្នុងការបង្រៀន ត្រូវគិតពីគុណភាព ទោះបីជារៀនតាមអនឡាញ ត្រូវមានការរៀបចំការប្រលងនៅក្នុងថ្នាក់ ត្រូវមានការទទួលស្គាល់ និងចេញសញ្ញាបត្របញ្ជាក់ជាដើម។

ទាក់ទងនឹងសមាគមនេះ ត្រូវខិតខំពង្រឹងខ្លួន ដើម្បីប្រកួតប្រជែងជាមួយសមាគមផ្សេងទៀត សំខាន់ការឯកភាពសាមគ្គីផ្ទៃក្នុងឲ្យបានល្អ កៀរគរប្រមែប្រមូលគ្រឹះស្ថានទាំងអស់ឲ្យស្ថិតនៅក្នុងសមាគមតែមួយ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្លើយតបទៅនឹងបរិបទឧស្សាហកម្ម៤.០។

លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យសមាគម មានការឯកភាពគ្នា សហការប្រមែប្រមូលគ្រឹះអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ មកជាក្រុមតែមួយ ដោយគៀងគរលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ទាំងរដ្ឋ និងឯកជន ដែលលោកបានចូលនិវត្ត ពោរពេញដោយបទពិសោធន៍ល្អៗ មកជួយតម្រែតម្រង់បន្ថែមទៀត ដោយធ្វើទំនើបកម្ម តាមបែបប្រព័ន្ធឌីជីថល តាមរយៈការអប់រំ បណ្តុះបណ្តា បច្ចេកទេស វិជ្ជាជីវៈ និងជាឧបករណ៍ក្នុងការប្រមែប្រមូលធនធានមនុស្សឱ្យមកជុំគ្នា។ ប៉ុន្តែក្នុងដំណាក់កាលនេះសំខាន់បំផុតនោះគឺការផ្ទេរចំណេះដឹងតាមអនឡាញ ដែលជាយន្តការមួយអាចដោះស្រាយបញ្ហារបស់វិទ្យា៕