(កោះកុង)៖ នៅក្នុងរយៈពេល១៨ខែចុងក្រោយនេះ គឺចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធបានចាប់ខ្លួន និងអប់រំ ករណីទន្ទ្រានដីដោយខុសច្បាប់ទាំង១៧១ករណី ក្នុងនោះដាក់ពាក្យបណ្តឹងទៅតុលាការចំនួន២០៥ករណី ពិន័យអន្តរកាលចំនួន ២៧៧ករណី ហើយបញ្ជូនជនល្មើសចំនួន៨៧នាក់ ទៅតុលាការ ចំពោះតែបទល្មើសស្ថិតនៅតំបន់ជួរភ្នំក្រវាញទំហំ ១,៤លានហិកតា គ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រយៈពេល១៨ខែដូចគ្នា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានជួយយសង្គ្រោះសត្វព្រៃរស់ចំនួន ៧៤៧ក្បាល និងសត្វព្រៃស្លាប់ចំនួន២០៦ ក្បាល រឹបអូសរថយន្តចំនួន ១៦៩គ្រឿង ត្រាក់ទ័រ និងរថយន្តប៊ុលដូហ្សែរចំនួន ៤៣គ្រឿង ម៉ូតូចំនួន ១៧៣ គ្រឿង គោយន្តចំនួន ២៧១គ្រឿង។

បើតាមលោក នេត្រ ភក្ត្រា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានចុះល្បាតទាំងយប់ទាំងថ្ងៃចំនួន ៧៦៥៤លើក ចម្ងាយ ២៤៥,៥៣៥គីឡូម៉ែត្រ។ ដែលក្នុងនោះបានទប់សកាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមាន រុះរើខ្ទមខុសច្បាប់ចំនួន៩៨៣ ដកហូតឈើចំនួន២១៧៩ ម៉ែត្រគូប ដកហូត និងរឹបអូសរណាយន្តចំនួន ១៩៥៤គ្រឿង ដោះអន្ទាក់បានចំនួន ៣២,៣២២អន្ទាក់។

លោកបន្ថែមថា ក្រសួងបរិស្ថានសូមសម្តែងអំណរគុណ និងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់កន្លងមករបស់អាជ្ញាធរដែនដី និងភាគីដែលពាក់ពទ្ធ័ក្នុងតំបន់ការធម្មជាតិ របស់កម្ពុជា ក្នុងនោះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តោតលើកការពារពារសក្តានុពលបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ជួរភ្នំក្រវាញជាពិសេសក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការសមព័ន្ធមិត្តសត្វព្រៃ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការការពារ និងអភិរក្សតំបន់ជួរភ្នំក្រវាញដែលមានទំហំដីអភិរក្ស ១,៤លានហិកតា ដែលក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃពាមក្រសោប ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិបទុមសាគរជាដើម។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ការពារធម្មជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះដែលកម្ពុជាមាន។ ក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និង សហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងបរិស្ថាន ជាមួយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលជាមន្ត្រីនគរបាលយុត្តិធម៌នៅតាមតំបន់ការពារធម្មជាតិនានា ក្នុងការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ការចូលរួមរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺជាការរួមវិភាគទានមួយដ៏មានតម្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។

លោកគូសបញ្ជាក់ថា នេះគឺជាកិច្ចសហការដ៏ស្មោះត្រង់ និងប្រកបដោយផ្លែផ្កាដែលក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យតំបន់អភិរក្សកាន់តែត្រូវបានការពារយ៉ាងល្អប្រសើរ បទល្មើសគ្រប់ប្រភេទបានថយចុះយ៉ាងច្រើននៅតំប់នោះទាំងបទល្មើសកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ។ ការការពារបាននូវធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងល្អប្រសើរនេះ បនធ្វើឱ្យកម្ពុជាលក់ឥណទានកាបូននៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមទៀត បច្ចុប្បន្ននេះ យើងមានតំបន់ការពារធម្មជាតិចំនួន ៦៩កន្លែង លើទំហំផ្ទៃដីចំនួន ៧,៣លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ពទ្ធ័នានា ក្នុងការធានាបាននូវនិរន្តភាពការពារក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់តម្កល់ជូនឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ៕