(រតនគិរី)៖ សមត្ថកិច្ចចម្រុះរួមមាន មន្ត្រីបរិស្ថាន, កម្លាំងនគរបាលស្រុកអូរយ៉ាដាវ, កម្លាំងវរការពារព្រំដែនគោកលេខ៦២៣ និងកម្លាំអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ នាថ្ងៃទី១១ ខែកក្កដា បានចុះចាប់ឈើក្រហមចម្រុះចំនួន៣៣ដុំ នៅត្រង់ចំណុចកំពង់ចម្លងទន្លេសេសាន្ត មានចំងាយពីប៉ុស្តិ៍ច្រករបៀងភូមិភិក្រោម ប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលក្រុមឈ្មួញបម្រុងដឹកចេញទៅវៀតណាម។

លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រតិបត្តិការខាងលើនេះ មានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។

លោកវរសេនីយ៍ត្រី សុខ មីន បានបន្តថា មុននឹងឈានដល់ការបង្ក្រាប គឺកងកម្លាំងបានប្រើប្រាស់មធ្យោបាយកាណូតចុះល្បាតរុករកស្រាវជ្រាវ ក្នុងទន្លេសេសាន្តក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ក៏ប្រទះឃើញឈើដែលក្រុមឈ្មួញគរលក់ទុកក្នុងទន្លេធ្វើការរឹបអូសជាក់ស្តែងតែម្តង។ ចំនួនឈើក្រហមចម្រុះចំនួន៣៣នេះ មិនទាន់វាស់វែងដឹងចំនួនម៉ែត្រគូប នៅឡើយទេ។

លោកវរសេនីយ៍ត្រី សុខ មីន បានបញ្ជាក់ថា ដោយសារទីតាំងភូមិសាស្ត្រខាងលើអំណោយផល សម្រាប់ឈ្មួឈើខ្មែរ និងវៀតណាមជារឿយៗ តែងតែលួចដឹកឈើចេញទៅវៀតណាមនោះ លោក ម៉ា វិចិត្រ ប្រធានគណបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ បានយកកម្លាំងមួយទៅដាក់ប្រចាំការ២៤ លើ២៤ម៉ោង ដើម្បីមានបទល្មើសបន្តទៀត។

មន្រ្តីសមត្ថកិច្ចលួចបង្ហើបថា ជំនួញឈើនេះប្រព្រឹត្តទៅដោយរលូន ដោយសារតែឈ្មួញវៀតណាម ផ្តល់លុយឱ្យសមត្ថកិច្ចខិលខូចមួយចំនួន ដែលប្រចាំការនៅតាមប៉ុស្តិ៍ច្រករបៀង ហើយមានមេប៉ុស្តិ៍ច្រករបៀងខ្លះឱ្យវៀតណាម ចូលមកស្នាក់នៅរង់ចាំទិញឈើទៀតផង។

បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានប្រគល់មន្ត្រីបរិស្ថាន បានយកមកទៅរក្សាទុក ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕