(កំពង់ធំ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរដូវកាលការរីករាដាលនូវជំងឺកូដ-១៩ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត បាននាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាលំបាកខ្វះស្បៀងអាហារចំនួន១០០គ្រួសារ ដែលមកពីសង្កាត់ស្រយ៉ូវ ៣០គ្រួសារ សង្កាត់ដំរីជាន់ខ្លា៤០គ្រួសារ និងសង្កាត់អូរគន្ធរ៣០គ្រួសារ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសនោះដែរលោក សុខ លូ បានថ្លែងអំណរគុណលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីចូលរួមក្នុងការដោះស្រាយជាមួយនឹងរដ្ឋរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តផងដែរ។

ក្នុងនោះលោក សុខ លូ ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយចូលរួមអនុវត្តវិធានការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឱ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូទឹកស្អាត ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ពិសេសបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និងត្រូវពាក់ម៉ាស់ ឬក្រមាពេលចេញក្រៅផ្ទះជាដើម។ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ និងពិការភាពនិងជួយអប់រំណែនាំដល់កូនចៅឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវានឹងបំផ្លាញអនាគត របស់យើងក្រុមគ្រួសារ និងសង្គមជាតិ។

លោកបានបន្ថែមថា ចំពោះភូមិ ឃុំមានសុវត្ថិភាពត្ រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឱ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុផងដែរ។

លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចមិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាណាម្នាក់នោះឡើយ ពោលក្រោយរំដោះប្រទេសជាតិ រួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម សម្តេចបានកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដដោយមិនឱ្យមានសង្រ្គាម។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ ជារបស់លោក ខាន់ ខុន ជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកំពង់ធំនិងក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាហារបំប៉នផងដែរ៕