(កណ្ដាល)៖ ករណីទំនាស់គ្នារឿងជិះម៉ូតូចាំងភ្លើងគ្នាបន្តិច ធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ឈ្លោះប្រតាយប្រតប់គ្នា ហើយដកកាំភ្លើងខ្លីវាយក្បាល មន្ត្រីយោធាម្នាក់ បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួននោះ ត្រូវបានសម្របសម្រួលគ្នា ដោយថ្នាក់ដឹកនាំភាគីទាំងសងខាងសម្រុះសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់រឿង។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាជនដៃដល់ឈ្មោះ ជា សង្ហា អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិស្នាពីមុខ ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងចាប់យកបានមាន អាវុធខ្លី ម៉ាក K54 ចំនួន០១ដើម, បង់១, គ្រាប់ចំនួន៨គ្រាប់។ រីឯជនរងគ្រោះឈ្មោះ លាង សុធី អាយុ២៦ឆ្នាំ មុខរបរយោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

បើតាមសមត្ថកិច្ចរៀបរាប់ដំណើររឿងថា ហេតុការណ៍ប៉ះគ្នានេះ បានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយជនសង្ស័យបានជិះម៉ូតូឌុបប្រពន្ធ និងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេនៅបុរីចតុមុខ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ។

ពេលជិះមកដល់ផ្លូវកៅស៊ូ ក៏ជួបជនរងគ្រោះកំពុងជិះម៉ូតូស្របទិសគ្នា ហើយមានទំនាស់ពាក្យសម្ដី និងគ្នារឿងភ្លើងចាំងភ្នែក។ បន្ទាប់មកជនសង្ស័យ ក៏បានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះ ហើយជនសង្ស័យបានដកអាវុធខ្លី ពីចង្កេះមកវាយជនរងគ្រោះត្រូវចំក្បាល បណ្ដាលឲ្យបែកហូរឈាម ចំនួន១កន្លែង។ ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ស្វាយជ្រុំ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី។

ប៉ុន្តែបើតាមការឲ្យដឹងនគរបាលសុំមិនបញ្ចេញឈ្មោះ ករណីហិង្សានេះ ត្រូវបានសម្របសម្រួលគ្នាដោយមេធំទាំងសងខាង ដោយយល់ព្រមបញ្ចប់រឿងត្រឹមនេះ មិនរករឿងគ្នាបន្តទៀតនោះទេ ខណៈគេពុំបានដឹងថា ការសម្របសម្រួលគ្នានេះ ខាងជនរងគ្រោះទទួលទទួលបានសំណងឬយ៉ាងណានោះទេ៕