(ភ្នំពេញ)៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា មានមូលហេតុចំនួន៥ ដែលនាំឱ្យទំនាក់ទំនងរបស់កម្ពុជា និងសហរដ្ឋអាមេរិកមានភាពល្អក់កករ និងមិនសូវជាល្អប្រសើរក្នុងទំនាក់ទំនងរយៈពេល៧០ឆ្នាំកន្លងមកនេះ។

ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ គឺជាខួប៧០ឆ្នាំហើយ ដែលឯកអគ្គរដ្ឋទូតដំបូងបង្អស់របស់អាមេរិក គឺលោក Donald R. Heath បានថ្វាយសារតាំងទៅព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ដើម្បីបំពេញការងារនៅកម្ពុជា។ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ក៏បានរៀបចំវេទិកាពិភាក្សា និងពិនិត្យទៅលើលទ្ធផលនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ក្នុងរយៈពេល ៧០ឆ្នាំមកនេះ។

ទំនាក់ទំនងកម្ពុជា-អាមេរិក បន្ទាប់ភ្ជាប់ជាផ្លូវការនៅក្នុងឆ្នាំ១៩៥០ ក៏ត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៦៣ ហើយក៏បានភ្ជាប់ជាថ្មីនៅឆ្នាំ១៩៦៩ ហើយក៏ត្រូវកាត់ផ្តាច់ជាថ្មីម្តងទៀតនៅឆ្នាំ១៩៧៥។ រហូតដល់ឆ្នាំ១៩៩១ ទើបទំនាក់ទំនងនេះ ត្រូវបានតភ្ជាប់ជាថ្មីរហូតមកដល់ពេលបច្ចុប្បន្ន។

រយៈពេល ៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានមើលឃើញថា មានល្វីងជូរចត់ច្រើនជាងភាពល្ហែម និងមានលិចអណ្តែតមិនទៀងទាត់នោះឡើយ។ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំចុងក្រោយនេះ បើទោះបីថាកម្ពុជា និងអាមេរិក បើទោះបីវាយតម្លៃថាល្អប្រសើរជាង ៤០ឆ្នាំមុនក្តី តែក៏មានពេលខ្លះប៉ះទង្គិច និងសម្តីធ្ងន់ស្រាលដាក់គ្នាផងដែរ។

វេទិកាពិភាក្សា និងពិនិត្យទៅលើលទ្ធផលនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ក្នុងរយៈពេល ៧០ឆ្នាំមកនេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ទំនាក់ទំនងមិនល្អប្រសើររវាងកម្ពុជា និងអាមេរិកនេះ បណ្តាលមកពីគោលនយោបាយខុសគ្នារវាងប្រទេសទាំងពីរ, ស្រមោលរបស់ចិន, នយោបាយផ្ទៃក្នុង, ទស្សនៈខុសគ្នាលើបញ្ហាលទ្ធិប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្សជាដើម និងឥរិយាបថរបស់អ្នកការទូត។

លោក គិន ភា បានពន្យល់លើបញ្ហាទាំងអស់៥នេះយ៉ាងដូច្នេះថា៖

១៖ «គោលនយោបាយបរទេសខុសគ្នា»៖ លោក គិន ភា បានពន្យល់ថា នៅក្នុងអំឡុងសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក បានដាក់ចេញគោលនយោបាយ គឺទប់ការរីករាលដាល នៃលទ្ធិកុម្មុយនិស្តនៅក្នុងតំបន់។ ដោយឡែកកម្ពុជា ដូចមានបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញ គឺរក្សាគោលនយោបាយអព្យាក្រិត្យអចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ។ គោលនយោបាយកម្ពុជា ធ្វើយ៉ាងណាដើម្បីរស់ រស់ដោយសុខសន្តិភាព រស់ដោយសុខដុមតាមគ្រប់មធ្យោបាយ ដែលអាចធ្វើបាន។

២៖ «ស្រមោលចិន»៖ លោក គិន ភា បានពន្យល់ថា ទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់ផ្សារភ្ជាប់រវាងទំនាក់ទំនងកម្ពុជា ជាមួយប្រទេសចិន។ ក្នុងនោះនៅឆ្នាំ១៩៥៨ នៅពេលសម្តេច នរោត្តម សីហនុ ទទួលស្គាល់របបសាធារណរដ្ឋប្រជាមានិតចិន ក៏នាំឱ្យទំនាក់ទំនងការទូតកម្ពុជា និងអាមេរិក ប្រែល្អក់កកររហូតដល់ការកោះហៅទូតអាមេរិកទៅវ៉ាស៊ីនតោនវិញ។

ជាបន្តបន្ទាប់ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានការរីកចម្រើន ក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងកសាងសហគមន៍ដែលមានជោគវាសនារួមគ្នា ជាពិសេសគេមើលមកកម្ពុជាថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាងគេនៅអាស៊ីរបស់ចិន។

៣៖ «នយោបាយផ្ទៃក្នុង»៖ លោក គិន ភា បានពន្យល់ថា ក្រោមរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផងគ្នាទៅវិញទៅមក គឺជាគោលការគ្រឹះក្នុងការធានានិរន្តរភាព ស្ថិរភាពនៃទំនាក់ទំនងអន្តររដ្ឋ។ ក៏ប៉ុន្តែជារួមអ្នកធ្វើគោលនយោបាយខ្មែរ ឬក៏អ្នកនយោបាយខ្មែរ ជួនកាលអាចមើលឃើញសហរដ្ឋអាមេរិកក្នុងរូបភាពមួយជាការពាក់ព័ន្ធនយោបាយផ្ទៃក្នុង។

៤៖ «ទស្សនៈខុសគ្នាលើលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស»៖ លោក គិន ភា បានពន្យល់ថា ប្រទេសនៅតំបន់អាស៊ីនិយាយជារួម និងកម្ពុជា និយាយដោយឡែក កម្ពុជាមានបរិបទប្រវត្តិសាស្ត្របស់ខ្លួនដោយឡែក វប្បធម៌ដោយឡែក ហើយជាពិសេសផ្នត់គំនិតរបស់មនុស្សខ្មែរ។ ដូច្នេះការដែលមានទស្សនៈខុសគ្នាលើបញ្ហាតែមួយជាប្រភពនាំឱ្យមានការមិនយល់គ្នា។

៥៖ «ឥរិយាបថអ្នកការទូត»៖ លោក គិន ភា បានពន្យល់ថា ឥរិយាបថរបស់អ្នកការទូត ក៏ដើរតួនាទីសំខាន់ណាស់ដែរ ដែលត្រូវការអ្នកការទូតដែលមានវិជ្ជាជីវៈខ្ពស់។

លោក បានលើកឡើងថា កម្ពុជាជាប្រទេសមានអរិយធម៌ចំណាស់ វប្បធម៌របស់្លខួនចំណាស់ ដូច្នេះវាមានសារៈសំខាន់ដែលអ្នកការទូតបរទេស គប្បីយល់ពីអ្វីដែលជាសង្គមខ្មែរ អ្វីដែលជានយោបាយខ្មែរ អ្វីដែលជាវប្បធម៌ខ្មែរ។ សង្គមខ្មែរ វប្បធម៌ខ្មែរ គឺប្រហែលជាផ្សេងពីសង្គមអឺរ៉ុប សង្គមបច្ចឹមប្រទេស។ សង្គមខ្មែរប្រហែលជានៅមានភាពផុយស្រួយនៅឡើយទេ ទាក់ទងការផ្ទេរអំណាច ឬការអនុវត្តន៍នូវរបៀបវារៈនយោបាយ ឬរបៀបវារៈអភិវឌ្ឍន៍ណាមួយដែលពួកបច្ចឹមប្រទេសយកមកដាក់។ ដូច្នេះរបៀបវារៈនៃការអភិវឌ្ឍ របៀបវារៈនយោបាយ វាគួរតែជារបៀបវារៈដែលកម្ពុជា ប្រជាជនកម្ពុជាខ្លួនឯងជាអ្នករៀបចំ ជាអ្នកធ្វើ ហើយបរទេសខាងក្រៅជួយគាំទ្រ។

លោក គិន ភា ក៏បានលើកឡើងនូវទស្សនៈ និងការមើលឃើញរបស់ខ្លួនដែរថា ដើម្បីស្រោចស្រង់ ឬធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរនោះ កម្ពុជា និងអាមេរិក ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ធម្មនុញ្ញរបស់សហប្រជាជាតិ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ដោយការគោរពគ្នា គោរពផលប្រយោជន៍ផងគ្នា គោរពអធិបតេយ្យ និងបូរណភាពទឹកដីគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ ការស្តារឡើងវិញនូវទំនុកចិត្ត ភាពជឿជាក់ដែលបានបាត់បង់ក្នុងអតីតកាល ដោយការជជែកគ្នាត្រង់ទៅត្រង់មក។ លោក គិន ភា បានលើកឡើងថា «បើកបេះដូងរកចំណុចរួមសម្រាប់ការអភិវឌ្ឍ ហើយជាពិសេសទៀតនោះ គឺការស្វែងយល់ ការទទួលស្គាល់នូវតម្លៃស្នូលក្នុងនយោបាយការបរទេសរបស់ប្រទេសផងគ្នាទៅវិញទៅមក។ មួយទៀតនោះ ទាំងអាមេរិក និងកម្ពុជា គួរតែយល់គ្នាទៅវិញទៅមកទាក់ទងប្រវត្តិសាស្ត្រ សង្គម និងវប្បធម៌ ជាពិសេសលក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច ដែលត្រូវយល់គ្នា។ មួយទៀត អ្វីដែលមានឥទ្ធិពលខ្លាំងក្នុងទំនាក់ទំនងអន្តររដ្ឋ គឺសេដ្ឋកិច្ចដើរតួនាទីជាអ្នកជំរុញនូវនយោបាយ ជំរុញនូវទំនាក់ទំនង។ ខ្ញុំសូមឱ្យសហរដ្ឋអាមេរិក មេត្តាគិតឱ្យខ្លាំងទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញការវិនិយោគរបស់ខ្លួនឱ្យបានកាន់តែច្រើន»

លោក គិន ភា បានមើលឃើញថា ការបើកបេះដូងក្នុងការវិនិយោគរបស់អាមេរិក មកកាន់កម្ពុជា ដូចអាមេរិកធ្វើចំពោះប្រទេសដទៃ ក៏នឹងនាំឱ្យអាមេរិកមានឥទ្ធិពលខ្លាំងមកលើកម្ពុជាផងដែរ។

លោក គិន ភា បានបញ្ជាក់ដូច្នេះ «ជាការពិតការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ត្រូវការការរួមចំណែកដោយមិនអាចខ្វះបានពីសំណាក់ប្រទេសជាមិត្តភក្តិទាំងអស់។ ខ្ញុំជឿជាក់ថា ការយល់គ្នា ការមានអារម្មណ៍ល្អនឹងគ្នា គឺនឹងធ្វើឱ្យទំនាក់ទំនងរបស់យើងមានភាពរឹងមាំ រីកចម្រើន និងគ្រប់ជ្រុងជ្រោយ»