(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ត្រូវតែពិនិត្យ ពិចារណាឲ្យបានច្បាស់មុននឹងផ្ដល់អំណោយជូនទៅប្រជាពលរដ្ឋដែលក្រីក្រ ដោយសារថា ការផ្ដល់អំណោយ មិនចំគោលដៅ មិនទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ វានឹងខាតបង់បង្កើតឲ្យមានការឈ្នានីស។

លោកបញ្ជាក់ថា អ្នកដែលវិនិច្ឆ័យចំពោះប្រជាពលរដ្ឋក្រីក្រ ឬមិនក្រីក្រ វាជាការសម្រេចចចិត្តរបស់អស់លោកជាប្រធានភូមិ លោកចៅសង្កាត់ និងក្រុមការងារនៅថ្នាក់មូលដ្ឋាននេះហើយ។ ដូច្នេះត្រូវពិនិត្យមើលបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាងការដាក់សាច់ឈាម សាច់ញាតិខ្លួនឯងជាប្រជាជាពលរដ្ឋក្រីក្រ ខណៈដែលពួកគាត់ មានជីវភាពសមរម្យហើយនោះ។

លោក ឃួង ស្រេង ថា វាមិនចំណេញប៉ុន្មានទេ បានលុយ៥០០ ទៅ ៦០០ដុល្លារ នារដូវកូវីដ-១៩នេះ តែវាបានបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯង និងថ្នាក់លើថែមទៀត ហើយពិសេសថែមទៀតនោះ គឺបាត់ទំនុកចិត្តពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែម្តង។

ការបញ្ជាក់ និងណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បន្តការផ្សព្វផ្សាយជុំវិញវិធានការទប់ស្កាត់កូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រៃព្នៅ បានធ្វើសកម្មភាពយ៉ាងច្រើននៅក្នុងខែមីនា ឆ្នាំ២០២០កន្លងមកនេះ ដោយបានការពារសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសសកម្មភាពក្នុងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការចុះជួយដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះដែលរងផល ប៉ះពាល់ដោយវិបត្តិកូវីដ-១៩។

លោកបន្តថា លោក ឃួង ស្រេង បានជួយស្ថាបនាផ្លូវចំនួន១២ខ្សែ នៅសង្កាត់ពន្សាំងចំនួន០៩ខ្សែ មានប្រវែង ៩៩៣៤ ម៉ែត្រ អស់ថវិកាជាង៣០ម៉ឺនដុល្លារអាមេរិក នៅសង្កាត់ពញ្ញាពន់មានចំនួន ៣ខ្សែប្រវែង២២២៧ ម៉ែត្រអស់ថវិកាចំនួនជាង៧ម៉ឺនដុល្លារ និងបានឧបត្ថម្ភអង្ករចំនួន១០តោន ដល់ខណ្ឌព្រែកព្នៅសម្រាប់ទុកជូនប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកនៅក្នុងខណ្ឌ បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ទីស្នាក់ការគណបក្សសង្កាត់គោករកា បានឧបត្ថម្ភអាចដីចំនួន១០០០ឡានដល់ សង្កាត់សំរោង សំរាប់ចាក់បំពេញទីធ្លាសាលាសង្កាត់ និងផ្លូវជាប់សាលាសង្កាត់ បាននាំយកទានព្រះវស្សា និងទេយ្យវត្ថុព្រមទាំងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង១៨វត្ត ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅដែលបានប្រារព្ធធ្វើនៅក្នុងវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ៕