(ស្វាយរៀង)៖ លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង អំពាវនាវកម្មករ-កម្មការិនីរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល និងការចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាព។

សារអំពាវនាវលោក រស់ ផារិទ្ធ និងលោក ប្រាក់ ចាន់ធឿន ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញចូលរួមពិធី បើកវគ្គបណ្តុះបណ្តាល ជំនាញទន់ (Soft Skills) ជូនកម្មករនិយោជិត ដែលក្រុមហ៊ុនបានស្នើសុំព្យួរកិច្ចសន្យាការងារ ដោយសារផលប៉ះពាល់ក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺកូវីដ-១៩ នៅតំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែល ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេខេត្តស្វាយរៀង។

លោក រស់ ផារិទ្ធ បានថ្លែងថា ការអនុវត្តកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ និងគោលនយោបាយ ដោះស្រាយប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល (៤០ដុល្លារ) និងប្រាក់ឧបត្ថម្ភរបស់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស (៣០ដុល្លារ) ជូនដល់កម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងអំឡុងពេលកូវីដ-១៩។

ដោយអនុវត្តតាមអនុសាសន៍ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងដោយមានការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ចំពោះការអនុវត្តជាក់ស្តែងនូវកម្មវិធីគាំពារសង្គមទាំងអស់ របស់រាជរដ្ឋាភិបាល នៅក្នុងខេត្តស្វាយរៀង បានអនុវត្តត្រឹមត្រូវស្របតាមនីតិវិធី គោលការណ៍ណែនាំ និងបានដោះស្រាយចំមុខសញ្ញាប្រកបដោយភាពយុត្តិធម៌ សុច្ចរិតភាព និងតម្លាភាព ដោយពុំមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងនោះទេ។

ជាពិសេស ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងផ្តល់ការណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅតាមបណ្តាក្រង ស្រុកទាំង៨ ឲ្យមានការខិតខំយកចិត្តទុកជំរុញ តាមដានត្រួតពិនិត្យ និងគាំទ្រ ដល់ការអនុវត្តនូវកម្មវិធីគាំពារសង្គមទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាលំនឹងប្រាក់ចំណូល និងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា កម្មករនិយោជិត និងប្រជាពលរដ្ឋខេត្តស្វាយរៀង បានសម្តែងនូវការសប្បាយរីករាយ អបអរសាទរ គាំទ្រ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕