(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានបង្កើតក្រុមបេសកកម្មថ្មីមួយ ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងទប់ស្កាត់ បទល្មើសព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ទៅកាន់ប្រទេសផ្សេងៗ។

ក្រុមបេសកកម្មនេះ ដឹកនាំដោយលោក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ដោយមានភារកិច្ច ស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពីសកម្មភាពបណ្តាក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និងអាជ្ញាបណ្ឌពីរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការប្រមូលផល-អនុផលព្រៃឈើ។ តាមដានការដឹកជញ្ជូនឈើរបស់បណ្តាក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ។

ស្រាវជ្រាវរកចំណុចទីតាំងរួមទាំងមធ្យោបាយ ដែលបណ្តាមុខសញ្ញាប្រើប្រាស់ធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់។ ស៊ើបអង្កេតរកបណ្តាញមេក្លោង ដែលឃុបឃិតជាខ្សែរយៈក្នុងការនាំឈើឆ្លងកាត់ព្រំដែន ព្រមទាំងចាត់វិធានការទប់ស្កាត់តាមច្រកព្រំដែនបានទាន់ពេលវេលា។ ក្រៅពីនោះ ក្រុមបេសកកម្មនេះ ត្រូវធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើជាប្រចាំ។

សេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាក់ដែរថា ក្រុមបេសកកម្មនេះ មានសិទ្ធិប្រើប្រាស់មន្រ្តី មធ្យោបាយរបស់នាយកដ្ឋាន-អង្គភាពក្រោមឱវាទ និងស្នងការដ្ឋាននគរបាលខេត្តដែលមានការពាក់ព័ន្ធផងដែរ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ អគ្គស្នងការនគរបាលជាតិ ចេញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ៕