(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញករណីមន្ត្រីរបស់ខ្លួន ចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលមានការប្រើប្រាស់អំពើហិង្សាលើជនសង្ស័យ ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ និងចាត់ទុកថាកិច្ចការនេះជាបទពិសោធន៍ និងបានបញ្ជូនមន្ត្រីនគរបាលចំនួន០៣រូបពាក់ព័ន្ធនឹងប្រតិបត្តិការហិង្សានេះ ទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិ។

ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរីករាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា។

ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គម សូមចៀសវាងការអត្ថាធិប្បាយលើករណីបុគ្គល ប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នអនុវត្តច្បាប់៕