(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា «ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តពីកម្ពុជា កំពុងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19»

ADB បានឲ្យដឹងថា ជាការឆ្លើយតបបន្ទាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ ក្រុមផ្នែកសុខាភិបាលនៃនាយកដ្ឋានអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ (SDCC) បានកៀរគរមូលនិធិសម្រាប់ជំនួយបច្ចេកទេស (TA) ស្តីពីការគាំទ្រថ្នាក់តំបន់ដើម្បីដោះស្រាយការផ្ទុះឡើងនៃ COVID-19 ក្នុងចំនួនទឹកប្រាក់ ៤៨.៣លានដុល្លារនៅដើមឆ្នាំ ២០២០ ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលសំណើពីបណ្តាសមាជិក ដែលជាប្រទេសកំពុងអភិវឌ្ឍ ដើម្បីប្រើជំនួយបច្ចេកទេសផ្គត់ផ្គង់វេជ្ជសាស្ត្រ ដែលត្រូវការជាចាំបាច់សម្រាប់ ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ក្នុងការការពារ ការរកឃើញ និងព្យាបាលករណី COVID-19 ។

គិតត្រឹមចុងខែមិថុនាឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈនាយកដ្ឋានលទ្ធកម្មផលប័ត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុ (PPFD) របស់ខ្លួន បានដំណើការ និងផ្តល់កិច្ចព្រមពៀងចំនួន១៥ លានដុល្លារ ក្រោមជំនួយបច្ចេកទេស ជាមួយក្រុមផ្គត់ផ្គង់នានា នៃឧបករណ៍ការពារខ្លួន (PPE) សម្ភារធ្វើតេស្ត ឧបករណ៍ធ្វើរោគវិនិច្ឆ័យ គ្រឿងពិសោធន៍ និងបរិក្ខាសំខាន់ៗផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះជាការបន្ថែមទៅលើសេវាកម្មលទ្ធកម្មចំនួន ១៦.៧ លានដុល្លារដែលត្រូវបានអនុវត្តដោយ UNICEF តាមរយៈជំនួយបច្ចេកទេសដូចគ្នា។

ក្រុមហ៊ុន Medtecs ជាអ្នកផ្គត់ផ្គង់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ ដែលបានជ្រើសរើសតាមរយៈដំណើរការលទ្ធកម្ម ប្រកបដោយភាពប្រកួតប្រជែង ដែលធ្វើឡើងដោយ PPFD ហើយត្រូវបានផ្តល់កិច្ចសន្យាក្នុងទឹកប្រាក់៥លានដុល្លារដើម្បីផលិតឈុត គម្របស្បែកជើង និងសម្ភារការពារ រ៉ូបការពារ ដើម្បីចែកចាយដល់បុគ្គលិកសុខភាពជួរមុខ នៅក្នុងប្រទេសកំពុងអភិវឌ្ឍចំនួន១១។

ក្រុមហ៊ុននេះបានដំណើរការ នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩មក និងមានបុគ្គលិកចំនួន៥ ៥០០នាក់នៅក្នុងរោងចក្រក្នុងខេត្តកំពង់ចាម។ ប្រមាណ ៨២ ភាគរយនៃបុគ្គលិករបស់ក្រុមហ៊ុននេះជាស្រ្តី។ រោងចក្រនេះបានផ្តល់ការងារប្រកបដោយស្ថេរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលរស់ ទីនោះ ហើយរួមចំណែកដល់សេដ្ឋកិច្ចក្នុងតំបន់ដែលមានសារៈសំខាន់ជាពិសេសខណៈដែលកម្ពុជាកំពុងទទួលរងឥទ្ធិពលប៉ះពាល់ដល់សេដ្ឋកិច្ច បង្ករដោយ COVID-19 ។

ក្រុមហ៊ុនបាន ចំណាយពេលប្រមាណមួយខែ ពង្រីកប្រតិបត្តិការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ PPE សកល សម្រាប់ ផលិតកម្មវាយនភ័ណ្ឌសរុបជិត១.២លានឈុត។ បច្ចុប្បន្នក្រុមហ៊ុនមានសមត្ថភាពផលិតប្រចាំខែ រហូតដល់ទៅ រ៉ូបការពារ៨លាន ឈុតការពារ២.៥លាន និងគម្របស្បែកជើង៤លាន។ ទំនិញបានឆ្លងកាត់ការត្រួតពិនិត្យ ដោយភាគីទីបីឯករាជ្យ ហើយបានចាប់ផ្តើមបញ្ជូនចេញពីប្រទេសកម្ពុជា នៅចុងខែមិថុនា ដើម្បីជញ្ជូនទៅកាន់ប្រទេសគោលដៅផ្សេងៗ។

លោក Jesper Pedersen អ្នកឯកទេសជំនាញលទ្ធកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា «ទំនិញដំបូងដែលបានទិញក្រោមគោលការណ៍ណែ នាំស្តីពីលទ្ធកម្មបន្ទាន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ឆ្លើយតបនឹង COVID-19 ត្រូវបានផលិត នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសទទួលត្រូវប្រើផលិតផលទាំងនោះដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ីមានសេចក្តីរីករាយ ដែលបានចូលរួមចំណែកក្នុងការធ្វើលទ្ធកម្មដោយផ្ទាល់ និងជួយសម្រួលដល់ការកៀរគរ ការផ្គត់ផ្គង់សម្រាប់តម្រូវការបន្ទាន់ ពីប្រភពនានាក្នុងសកលលោក និងទៅកាន់ប្រទេសកំពុងអភិវឌ្ឍផ្សេងៗ»