(កណ្តាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និងលោកស្រី តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក យុវជន សសយក ស្រុក និងសប្បុរសជននានា មកប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាចំនួន ៤១វត្ត ក្នុងវត្តកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។

លោក គីម រិទ្ធី បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវចូលរួមឲ្យបានសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនានានា ដើម្បីជួយលើកតម្កើងតម្លៃព្រះពុទ្ធសាសនា និងធ្វើជាគំរូល្អដល់យុវជនផ្សេងទៀត ឲ្យចេះស្រឡាញព្រះពុទ្ធសាសនាផងដែរ ព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាសាសនាមួយដែលព្រៀនប្រដៅមនុស្ស ឲ្យប្រព្រឹត្តតែអំពើល្អ ចេះជួយគ្នា សាមគ្គីគ្នា ធ្វើឲ្យការរស់នៅប្រកបដោយសេចក្តីសុខ។

លោកអភិបាលរងខេត្ត បានក្រើនរម្លឹកដល់ពុទ្ធបរិស័ទ និងពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជម្ងឺកូវីដ១៩ ដ្បិតស្ងប់ស្ងាត់នៅស្រុកយើងមែនពិត ប៉ុន្តែសូមកុំធ្វេសប្រហែស ឱ្យសោះ និងចូលរួមអនុវត្តន៍តាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងករណីណាមួយ។

សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់រដ្ឋបាលខេត្ត ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ទាំង ៤១វត្តនោះ ក្នុងមួយវត្តៗទទួលបានអង្ករ ៥០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក១ និងថវិកា៤០ម៉ឺនរៀល។

បន្ថែមពីលើនេះលោក គីម រិទ្ធី និងលោកស្រី ព្រមទាំងបុត្រា បុត្រី និងសប្បុរសជននានា ក៏បានប្រគេនដល់ វត្តទាំង៤១ ក្នុងនៅះ១វត្តទទួលបាន ទឹកសុទ្ធ អរុណណា ចំនួន៦កេះ ភេសជ្ជៈ sports water ២កេះ ថវិកា ចំនួន ៥៥០.០០០រៀល និងបានជូនលោកតាជី លោយជីនៅក្នុងវត្តម្នាក់ៗ ចំនួន២០.០០០រៀល និងអាវសមួយផងដែរ៕