(ព្រះវិហារ)៖ សង្វៀនជល់មាន់មួយកន្លែង ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការបង្ក្រាប ដោយក្នុងនោះបានធ្វើការរឹបអូសវត្ថុតាងជាច្រើនមានម៉ូតូ រថយន្ត មានជល់ និងសម្ភារបម្រើអោយការលេងល្បែងជាច្រើនមុខទៀត ចំណែកក្រុមអ្នកញៀនល្បែងបានរត់ចែកជើងគ្នា។ ការបង្ក្រាបបានធ្វើឡើងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក៏បានដឹកនាំការិយាល័យជំនាញចេញប្រតិបត្តិការ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ មុខសញ្ញាក្រុមញៀនល្បែងបានរត់គេចខ្លួន ហើយបានបន្សល់វត្ថុតាងជាច្រើន រួមមាន៖ មាន់ ចំនួន០៦ក្បាល ឡាន១០គ្រឿង ម៉ូតូ ១៣គ្រឿង និងសម្ភារបម្រើឲ្យការល្បែងមួយចំនួនទៀត។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធី៕