(រតនគិរី)៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី អាជ្ញាធរ និងប្រជាពលរដ្ឋ បានចេញមកច្រានចោលរួមគ្នាថា មិនមានករណីប្រើប្រាស់អំពើហិង្សាលើសកម្មជនព្រៃឈើម្នាក់ឈ្មោះ ឆន ផល្លា ពេលកំពុងធ្វើវេទិកាសាធារណៈ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅភូមិសមុត្រក្រោម ឃុំសេដា ស្រុកលំផាត ខេត្តរតនគីរី នោះឡើយ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអះអាងដែរថា នៅថ្ងៃកើតហេតុ ក្រុមប្រឹក្សាស្រុកលំផាត់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ហើយមានអ្នកចូលរួមចំនួន៩៤នាក់។ ដោយឡែកឈ្មោះ ឆន ផល្លា នេះមិនត្រូវបានអញ្ជើញឲ្យចូលរួមទេ។

នៅពេលអង្គពិធីចាប់ផ្ដើមឈ្មោះ ឆន ផល្លា បានចូលទៅអុកឡុក រំខានការងារដ្ឋបាលសាធារណៈរបស់រាជការ ដោយឡើងចាប់ក្បាលមេក្រូ គ្មានការអនុញ្ញាតពី ប្រធានអង្គពិធី និយាយខុសប្រធានបទ បរិហាកេរ្ដិ៍ចោទប្រកាន់ទៅលើប្រជាពលរដ្ឋ និងអាជ្ញាធរដោយប្រការផ្សេងៗ បង្កឲ្យប្រជាពលរដ្ឋខឹងសម្បារងើបឡើង តវ៉ាជាមួយបុគ្គលនេះ បណ្ដាលឲ្យច្របូកច្របល់ក្នុងអង្គពិធី។

ភ្លាមនោះសមត្ថកិច្ច និងអាជ្ញាធរបានធ្វើការឃាត់ប្រជាពលរដ្ឋ ដើម្បីឲ្យរក្សាសណ្ដាប់ធ្នាប់ឡើងវិញ តែបុគ្គល ឆន ផល្លា នេះនៅតែបន្ដសកម្មភាពបរិហាកេរ្ដិ៍ឡាយវីដេអូ និងថតរូបបំពានសិទ្ធិទៅលើប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងអង្គពិធី។ ពេលនោះសមត្ថកិច្ច ក៏បានធ្វើការដកហូតទូរស័ព្ទរបស់បុគ្គលនេះ ដើម្បីរក្សារបៀបរៀបរយ បន្ទាប់មកក៏បានរាយការណ៍ជូនលោកព្រះរាជអាជ្ញា ដើម្បីសុំគោលការណ៍អនុវត្ត។

ព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យហៅបុគ្គលនេះ ធ្វើការសាកសួរបំភ្លឺក្នុងអង្គហេតុខាងលើ តែបុគ្គលនេះមិនព្រមសហការជាមួយសមត្ថកិច្ចទេ ហើយបានរត់ឡើងលើផ្ទះរួចចាកសោរទ្វារតែម្ដង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋមូលដ្ឋានក៏បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្ដរតនគិរី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះដែរថា បុគ្គល ឆន ផល្លា ក៏ជាសមាសភាពមិនល្អ ហើយបានរុករានដីធ្លីជាច្រើនហិកតាផងដែរនៅក្នុងខេត្តរតនគិរី៕