(កោះកុង)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ មានកាំភ្លើងកែច្នៃចំនួន៤៩២ដើម ត្រូវបានមន្ត្រីល្បាតរបស់ក្រសួងបរិស្ថាន និងអង្គការដៃគូសហការដកហូតពីប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារធនធានធម្មជាតិ។

ការឱ្យដឹងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះទស្សនកិច្ចគម្រោងជ័យលាភីអន្ដរជាតិ របស់សហគមន៍ទេសចរណ៍ជីផាត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០នេះ សត្វព្រៃជាច្រើនក្បាលត្រូវបានស្លាប់ដោយជាប់អន្ទាក់ព្រាន និងការលួចបរបាញ់របស់ជនល្មើសក្នុងដែនជម្រកការពារធនធានធម្មជាតិ ក្នុងនោះមានទន្សោងចំនួន១០ក្បាល ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង និងស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃផ្សេងៗគ្នាដូចជា៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរី និងក្នុងតំបន់ព្រៃឈើក្នុងខេត្តកំពង់ស្ពឺ។

លោកបន្តថា ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែមិថុនានេះ ក៏មានសត្វខ្ទីងដ៏ធំមួយក្បាល ត្រូវបានក្រុមជនល្មើសសម្លាប់ និងពន្លះសាច់ជាដុំៗ ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ចំណែកលោក អេដាដ លេហ្ទឺរ មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា ក្រុមមន្ត្រីល្បាតអាចជួបគ្រោះថ្នាក់ដោយការបាញ់តដៃរបស់ជនល្មើសដែលចូលទៅលួចបរបាញ់សត្វព្រៃក្នុងតំបន់ការពារ។ មន្ត្រីអង្គការរូបនេះ បានបញ្ជាក់ថា កាំភ្លើងកែច្នៃមួយចំនួនក្នុងពេលបច្ចុប្បន្ន ត្រូវបានជនល្មើសគេច្នៃឡើងដោយមានសមត្ថភាពសត្វព្រៃសម្លាប់មនុស្សដូចនឹងកាំភ្លើងពិត។

លោក អេដាដ លេហ្ទឺរ បានបន្តថា កាំភ្លើងកែច្នៃ ត្រូវបានបង្កើតឡើងដោយដាក់រំសេវជាតិគីមី ឬហ្កាស ជាមួយគ្រាប់ឃ្លី ដើម្បីបាញ់ចេញម្តងបានពី៣ទៅ៥គ្រាប់ ក្នុងរយៈចម្ងាយប្រហែលពី២០០ ទៅ៣០០ម៉ែត្រ និងអាចធ្វើឱ្យសត្វ ឬមនុស្សស្លាប់មួយរំពេច។

លោកបានបញ្ជាក់បន្ថែមថា កាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែងដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ។

យោងតាមរបាយការណ៍ស្តីពីការសង្គ្រោះសត្វព្រៃនៅកម្ពុជា ក្នុងរយៈពេលជិត២០ឆ្នាំមកនេះ បានបង្ហាញថា យ៉ាងហោចណាស់មានសត្វព្រៃគ្រប់ប្រភេទជិត១០ម៉ឺនក្បាល ត្រូវបានបង្រ្កាបក្នុងបទល្មើសជួញដូរខុសច្បាប់៕