(ភ្នំពេញ)៖ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញលោក គាំ សីហា បានស្នើសុំឲ្យបងប្អនប្រជាពលរដ្ឋស្រលាញ់ និងថែទាំដើមឈើឲ្យដូចយើងស្រលាញ់ និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។

ការស្នើឡើងបែបនេះរបស់លោក គាំ សីហា បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងពិធីដាំដើមឈើប្រណិតៗជាង៦០០ដើម នៅក្នុងបរិវេណវត្តភ្នៀតសិម្ពលី ក្នុងសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការនិមន្តចូលរួមពីព្រះអធិការវត្តនេះផងដែរ ដើម្បីចូលរួមអបអរសាទរ «រុក្ខទិវា» ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ។

លោក គាំ សីហា បានឲ្យដឹងថា ការដាំដើមឈើនៅព្រឹកនេះ គឺដើម្បីជួយទ្រទង់បរិស្ថាន និងជួយរក្សាជម្រកពណ៌បៃតងក្នុងបរិវេណវត្ត ក៏ដូចជានៅទីក្រុងភ្នំពញ។ ដើមឈើដែលយើងរួមគ្នាដាំ នៅពេលនេះមានចំនួន៦១៥ដើម ជាប្រភេទឈើប្រណីតៗ ១៤ប្រភេទ មានដូចជា គ្រញូង ធ្នង់ បេង នាងនួន គគីរ រាំងភ្នំ និងដើមច្រេះ សាគូរ៉ា ... លើផ្ទៃដីចំនួន ៣ហិកតា។

លោក គាំ សីហា បានបញ្ជាក់ថា ដើមឈើទាំងអស់នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ជូន និងតែងតែបានណែនាំអោយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរទាំង១៤ខណ្ឌ ចូលរួមដាំដើមឈើទាំងអស់គ្នា និងត្រូវស្រលាញ់ និងថែទាំដើមឈើអោយដូចយើងស្រលាញ់ និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេស វាជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។

សូមជម្រាបថា ថ្ងៃទី៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀត ព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ បំផុតក្នុងពិធី «រុក្ខទិវា» នេះ។ ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ៕