(ត្បូងឃ្មុំ)៖ មន្ដ្រីនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំម្នាក់ បាញ់ប្រហារសម្លាប់មិត្តស្រីរបស់ខ្លួន នៅមុខ KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចបើករថយន្ដគេចខ្លួន តែមិនបានសម្រេចដោយសារជ្រុលទៅបុករថយន្ដធុនធំមួយគ្រឿង ពីក្រោយពេញទំហឹងបណ្ដាល ឲ្យរងរបួសធ្ងន់ធ្ងរផុងលលាដ៏ក្បាល និងបែកគ្រាប់ភ្នែកចេញក្រៅ។

ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលជនបង្កជាមន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ និងនារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា ជនសង្ស័យ និងនារីរងគ្រោះជាសង្សានឹងគ្នា ហើយនៅពេលកើតហេតុ នារីរងគ្រោះឈរ ជជែកគ្នាជាមួយជនសង្ស័យ ដោយជនសង្ស័យអង្គុយនៅក្នុងឡាន (យោងតាមវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព)។

ប៉ុន្ដែពេលកំពុងជជែកគ្នានោះ មិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែជនបង្កដកកាំភ្លើងបាញ់ប្រហារទៅលើនារីរងគ្រោះតែម្ដង បណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមក្រោមរថយន្ដ។ លោកស្នងការបានបន្ដថា ក្រោយធ្វើសកម្មភាព ជនបង្កបានចុះពីលើរថយន្ដ ដើម្បីទាញសពជនរងគ្រោះចេញពីក្រោម ហើយបើកគេចខ្លួនតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក្រោយបើកគេចខ្លួនមិនបានប៉ុន្មានផង ស្រាប់តែជនបង្កបានបើករថយន្ដជ្រុលទៅបុក រថយន្ដយីឌុបមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ យោងតាមសេចក្ដីរាយការណ៍ពីមន្ទីរពេទ្យ បានបញ្ជាក់ថា ជនបង្ករងរបួសផុងលលាដ៏ក្បាល និងធ្លាយគ្រាប់ភ្នែកទាំងពីរចេញក្រៅ។

យ៉ាងណាមិញ សម្រាប់មូលហេតុ នៃអំពើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ ដោយរង់ចាំការស្រាវជ្រាវបន្ដទៀត៕