(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមន្ត្រីបុគ្គលិក បាននាំយកកូនឈើដែលមាន ដើមពោធិ៍ កូនគរគីរ កូនឈើទាល និងឈើហូបផ្លែចំនួនជាង២,៥០០ដើម ដាំនៅក្នុងបរិវេណវត្តសន្ទុកក្រៅ ស្ថិតក្នុងឃុំកកោះ ស្រុកសន្ទុក ដើម្បីអបអរសាទរ «រុក្ខាទិវា៩កក្កដា» និងដើម្បីបង្កើនសោភ័ណ្ឌភាព និងបរិស្ថាន។

លោក ជា ចាន់តូ បានលើកឡើងថា «ការជួបជុំគ្នាដាំដើមឈើនាពេលនេះ បានបង្ហាញឲ្យឃើញពីការសាមគ្គីភាព និងការភាពគ្នាមួយក្នុងស្ថានភាព ដែលប្រទេសជាតិពេញដោយសុខសន្តិភាព ដើម្បីរួមគ្នាថែរក្សាការពារ និងដាំដុះព្រៃឈើឡើញ សម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងចូលរួមការពារអភិរក្សបន្ត»

លោក ជា ចាន់តូ បញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលយើងទាំងអស់គ្នាចូលរួមដាំកូនឈើ នៅស្រុកសន្ទុក ហើយការដាំកន្លងមកនេះ គឺយើងបានដាំគ្រាប់ទីកន្លែង ក្នុងនោះរួមទាំងតាមទីវត្តអារាមផងដែរ ដូចជាកូនគរគីរ កូនឈើទាល ឈើហូបផ្លែ ពិសេសដើមពោធិ៍ ដើម្បីធ្វើជាម្លប់ និងរួមចំណែកឲ្យទីវត្តអារាមសក្តិសមជាទីកន្លែង គោរពប្រតិបត្តិរបស់ប្រជាជនខ្មែរ។ ជាក់ស្ដែងដូចនៅវត្តសន្ទុកក្រៅ នាពេលនេះជាសក្ខីភាពស្រាប់។

តាមរយៈការនាំដើមឈើពេលនេះ ក៏ជាការរួមចំណែកមួយផងដែរ ក្រៅធ្វើឲ្យអារាមនីមួយៗមួយនេះ មានម្លប់ត្រឈឹងត្រឈៃ និងចម្រុះផ្ទៃពណ៌បៃតងមួយកម្រិតទៀត ពិសេសដើមពោធិ៍ដែលជានិមិត្តរូបនៃការថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការគោរពប្រតិបត្តិរបស់ពុទ្ធបរិស័ទថែមទៀតផង។

លោក ជា ចាន់តូ បានបន្តថា ការនាំកូនឈើមកដាំបន្ថែម នៅទីអារាមនៅពេលនេះ ស្របពេលដែលយើងទាំងអស់គ្នា អបអរសាទរដល់ថ្ងៃរុក្ខទិវា៩កក្កដា។ ទន្ទឹមនឹងនេះការដាំកូនឈើនេះ ក៏ដើម្បីបង្កើនគំរបបៃតងឲ្យបានកាន់តែច្រើនទៀត ឲ្យសម្រាប់ការរស់នៅមនុស្សសត្វដែរ។ ជាមួយនេះដែរសកម្មភាពដាំដើមឈើនេះ គឺជាបេសកកម្មមួមានសារៈសំខាន់បំផុត មិនត្រឹមតែបង្កើតគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែនៅបានបង្កើតប្រភពចំណីអាហារ និងថ្នាំដង្កូវបម្រើដល់វិស័យទេសចរណ៍ថែមទៀតផង។

លោក ជា ចាន់តូ បានអំពាវនាវឲ្យបន្តការចូលរួមថែរក្សាការពា និងបន្តការដាំដុះព្រៃឈើបន្ថែមទៀត និងចូលរួមការកាប់ទប់ស្កាត់ ការកាប់បំផ្លាញព្រៃផងដែរ។

លោកសង្ឃឹមថា យ៉ាងហោចណាស់យើងម្នាក់ៗ បានមួយដើមម្នាក់បានមួយនោះ ពិតជភូមិដ្ឋាននិមួយៗ សម្បូរទាំងព្រៃឈើ និងឈើហូបផ្លែបង្កើតបានផ្ទៃបៃតងស្រស់បំព្រង ពាសពេញភូមិដ្ឋានមិនខាន៕