(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទស្តីពីវិធានការទ្រទ្រង់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រៀបធៀបសេដ្ឋកិច្ចរបស់កម្ពុជា នៅពេលនេះ គឺសេដ្ឋកិច្ចដែលខិតខំរស់ តែការរស់នេះ មិនមែនចាំថ្ងៃស្លាប់នោះទេ គឺរស់ដើម្បីរង់ចាំពេលដើរ និងរត់ឡើងវិញ។

ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជា ថមថយចុះមិនធ្លាប់មានរយៈពេល២០ឆ្នាំក្នុងក្រោយនេះ។ នៅឆ្នាំ២០២០នេះ រាជរដ្ឋភិបាលព្យាការណ៍ជំហានដំបូងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងធ្លាក់ចុះ -១.៩% ខណៈសេដ្ឋកិច្ចពិភពលោកវិញ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ -៥%។

ស្ទើរតែគ្រប់វិស័យបានរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ លើកលែងតែវិស័យកសិកម្ម ដែលមានចំណែកជួយសេដ្ឋកិច្ច២៥%, វិស័យបច្ចេកវិទ្យា និងវិស័យផលិតអាហារ ដែលមិនរងផលប៉ះពាល់ ដោយសារដោយជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោក វង្សី វិស្សុត។

លោករដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់ថា «ប្រទេសកម្ពុជា មានសំណាងដែលមានសម្តេចតេជោ ឈរជាជំហរដឹកនាំពេលមានវិបត្តិ។ ការដឹកនាំដែលមានប្រជាជន ដើរតាមស្តាប់ គឺជាកត្តាគន្លឹះមួយធំ ដែលធ្វើឲ្យយើងបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។ ទាំងសមរភូមិជំងឺ សមរភូមិសេដ្ឋកិច្ច ទាំងសមរភូមិសង្គម មានការដឹកនាំដូចនេះ មានវិធានការគោលនយោបាយបែបនេះ និងមានការចូលរួមអនុវត្តន៍របស់ប្រជាជនជន ខ្ញុំថាកម្ពុជាមានសង្ឃឹមថា យើងរស់ពេលនេះ មិនមែនរស់ដើម្បីរង់ចាំថ្ងៃស្លាប់ទេ រស់ដើម្បីងើបឡើងវិញ ដើមមួយភ្លេតមើលឆ្វេងស្តាំ ហើយរត់តែម្តងក្នុងបរិការថ្មី»

លោក វង្សី វិស្សុត បានលើកឡើងថា យុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលជ្រើសរើស ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច សង្គម នៅពេលនេះ គឺជាយុទ្ធសាស្ត្រ «មួយពេលរស់សិន កុំឲ្យស្លាប់» ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់អត់បាយ ស្លាប់ដោយជំងឺកូវីដ១៩ គឺយុទ្ធសាស្ត្រយកជីវិតមនុស្សជាធំ ហើយការរស់នេះ មិនមែនសំដៅរស់រង់ចាំថ្ងៃស្លាប់នោះទេ គឺរស់ដើម្បីពេលចប់កូវីដ១៩ កម្ពុជានឹងងើបឡើងវិញ។

លោករដ្ឋលេខាធិការបញ្ជាក់ថា យុទ្ធសាស្ត្រនេះ គឺជាយុទ្ធសាស្ត្រដែលធ្វើឡើងស្របតាមសភាពការណ៍ ប្រែប្រួលរបស់ពិភពលោក ហើយទាមទារឲ្យកម្ពុជា មានការផ្លាស់ប្តូរ កែតម្រូវឲ្យសមស្រប និងទាន់ពេលវេលា៕