(សៀបរាម)៖ ស្រ្តី ទៀង សុធម្មរិទ្ធិ អាយុ៦០ឆ្នាំ និងស្រ្តី គី សុភិន អាយុ៧៦ឆ្នាំ បច្ចុប្បន្នជាដូនជីនៅវត្តវិសុទ្ធមគ្គស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានឲ្យដឹងថា ដីរបស់ពួកគាត់ត្រូវបានគេរំលោភចូលមកសាងសង់ផ្ទះខ្ទមស្នាក់នៅកាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ ហើយបានស្នើឱ្យស្ថាប័នតុលាការជួយរក្សាការពារសិទ្ធិស្របច្បាប់ជូនពួកគាត់។

ស្រ្តីទាំង២នាក់ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋចូលទៅសាងសង់ខ្ទមលើដីរបស់គាត់ ត្រូវបានប្តឹងទៅដល់សាលាដំបូងខេត្តសៀមរាប ហើយតុលាការបានកោះហៅភាគីជម្លោះទៅសាកសួរ ដើម្បីបញ្ឈប់ការសាងសង់ផ្ទះខ្ទម និងរុះរើសំណង់អនាធិបតេយ្យជាលើកទី២ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

បើតាមការអះអាងរបស់លោកយាយ ទៀង សុធម្មរិទ្ធិ ផ្ទៃដីជាង៤៥ហិកតា ត្រូវបានទិញពីប្រជាពលរដ្ឋក្នុងឆ្នាំ២០០៥ ជាង៣៣ហិកតា ក្នុងភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយបានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីអមជាមួយនឹងកិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងលិខិតបញ្ជាក់របស់សាលាឃុំលាងដៃ ត្រឹមត្រូវតាមច្បាប់ ដោយពេលនោះមានឈ្មោះ ជា ហឿន (មេភូមិ) និងឈ្មោះ យេន សុឡាយ (ប្រជាជន) ជាអ្នករៀបចំដីដែលបានលក់មកឱ្យ។

ក្រោយពេលធ្វើលិខិតកាន់កាប់ដី និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីរួចរាល់ លោកយាយបានជួលឱ្យឈ្មោះ ឡាយ រិន និងប្រពន្ធឈ្មោះ ម៉ាន់ ម៉ៅ ព្រមទាំងប្រជាពលរដ្ឋមួយចំនួន នៅក្នុងភូមិឱ្យជីកប្រឡាយព័ទ្ធជុំវិញធ្វើជាព្រំដីខាងលើ ឈូសឆាយទ្រង់ទ្រាយកូនឈើតូចៗ ដើម្បីដាំស្រូវ និងដំឡូងមីជារៀងរាល់ឆ្នាំ ដើម្បីបង្កបង្កើនផលមួយចំនួន យកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្ត វិសុទ្ធមគ្គ អង្គធំ និងផ្គត់ផ្គង់អាហារយាយជី តាជី កូនសិស្ស និងក្មេងកំព្រាជាច្រើននាក់ ព្រមទាំងមួយចំនួនទៀតយកលក់ ដើម្បីបានបច្ច័យកសាងវត្តវិសុទ្ធមគ្គ អង្គធំ រហូតបច្ចុប្បន្ន។

លុះដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៦ និងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ពួកគាត់បានទិញដីបន្ថែមទៀត មានទំហំជាង៣ហិកតា។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ បានទិញដីពង្រីកបន្ថែម ទំហំ ៥ហិកតា។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បានទិញដីពង្រីកបន្ថែមទៀត មានទំហំជាង៣ហិកតា។

លោកយាយ ទៀង សុធម្មរិទ្ធិ បានឱ្យដឹងដែរថា បានអាស្រ័យផលស្រូវ និងដាំដំឡូងមីបង្កបង្កើនផលជារៀងរាល់ឆ្នាំ រហូតដល់បច្ចុប្បន្នពុំ ដែលខកខានឡើយអស់រយៈពេល១៥ឆ្នាំមកហើយ នៅក្នុងឆ្នាំ២០០៦ លោកយាយ បានបរិច្ចាគដីដែលមានទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ ៤០០ម៉ែត្រ ពុះចំពាក់កណ្ដាលដីជូនទៅអង្គការក្លែន ដើម្បីធ្វើផ្លូវឆ្លងកាត់ពីស្រុកស្វាយចេក មកពីវិទ្យាល័យហ៊ុនសែនស្រុកអង្គរធំផងដែរ។

លោកយាយ ទៀង សុធម្មរិទ្ធិ បានបន្ថែមថា សម្រាប់ការបង្កបង្កើតផលបាននៅលើផ្ទៃទាំងនេះ គឺលោកយាយបានយកមកផ្គត់ផ្គង់ដល់ព្រះសង្ឃ និងតាជី យាយជី នៅក្នុងវត្តផងដែរ។

លោកយាយ បានសំណូមពរសុំដល់សម្តេចតេជោ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តុលាការជួយចាត់ចែង រក្សាការពារ នូវសិទ្ធិស្របច្បាប់របស់គាត់ផង។

លោក ជា ហឿន ជាមេភូមិត្រពាំងស្វាយ បានអះអាងថា កាលពីឆ្នាំ១៩៩៣ មេឃុំ(លាងដៃ) និងគាត់ជាអ្នកចុះចែកដីដល់ប្រជាពលរដ្ឋក្នុងភូមិ លុះក្រោយមកឆ្នាំ២០០៥ លោកយាយ ទៀង សុធម្មរិទ្ធិ និងលោកយាយ គី សុភិន បានមកទិញ ខ្លួនគាត់ក៏បានជួយទិញពីប្រជាពលរដ្ឋ ដោយមានអ្នកខ្លះជាអ្នកព្រមលក់ និងអ្នកខ្លះក៏មិនលក់ដែរ។

បន្ទាប់មកក៏មិនដែលបញ្ហាអ្វីនោះទេតាំងពីឆ្នាំ២០០៥។ ស្រាប់តែមកដល់ចុងឆ្នាំ២០១៩នេះ ក៏ឃើញមានប្រជាពលរដ្ឋមកយកដីលក់ និងមានការបែងចែកគ្នាធ្វើរោង (ផ្ទះខ្ទម) នៅលើដីរបស់ លោកយាយនោះ គាត់ក៏បានធ្វើការហាមឃាត់ដែរ តែពួកគាត់មិនព្រមស្តាប់ សូម្បីតែអាជ្ញាធរឃុំ និងស្រុកបានប្រាប់ឱ្យពួកគាត់រង់ចាំការដោះស្រាយពីអាជ្ញាធរសិន តែពួកគាត់នៅតែនាំគ្នាទៅសង់ផ្ទះខ្ទម នៅលើដីរបស់លោកយាយដដែល ពួកគាត់ទាំងនោះពុំមានលិខិតកាន់កាប់ដែលទទួលស្គាល់ពីអាជ្ញាធរនោះទេ គឺជាការខុសច្បាប់។

បើតាមលោកស្រី ម៉ាន់ ម៉ៅ បានអះអាងថា ខ្លួន និងអ្នកភូមិត្រពាំងស្វាយចំនួន ៣គ្រសារ ជាអ្នកជួលដីលោកយាយ ដើម្បីដាំស្រូវតាំងពីឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃ មិនដែលមានអ្នកណាមកអះអាង ឬមកទន្ទ្រាននៅលើដីរបស់លោកយាយនោះទេ ចំពោះផ្ទះខ្ទមទាំងនេះ គឺពួកគាត់បានមកធ្វើទៅលើដីដែលខ្លួនធ្លាប់ធ្វើការដាំដុះ មានដូចជា៖ ស្រូវ ដំឡូងមី និងដំណាំផ្សេងៗទៀត៕