(ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែម ដល់សាធារណជនទូទៅ បានស្វែងយល់កាន់តែច្បាស់អំពីអភិក្រម, ក្របខណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់, ស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចចំនួន៤ជុំ ដែលរាជរដ្ឋាភិបាល បានដាក់ចេញក្នុងពេលកន្លងមក សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាការដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីពេលថ្មីៗនេះ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩។

សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សន្និសីទសារព័ត៌មាននេះ ក៏នឹងមានវេទិកាសំណួរ-ចម្លើយ ចំពោះចម្ងល់ និងសំណួរផ្សេងៗ ពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ៕