(បន្ទាយមានជ័យ)៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ខ្លូននឹងយកគំរូដ៏ល្អរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការបង្ការ ទប់ស្កាត់ការរីករាល់ដាលវីរុសកូវីដ-១៩ និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ទៅផ្សព្វផ្សាយដល់បណ្តាប្រទេសក្នុងពិភពលោក។

ការបញ្ជាក់បែបនេះរបស់លោកស្រី Li Ailan បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី រួមជាមួយលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះបំពេញបេសកម្មនៅទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យក្រុមការងារសុខាភិបាលបាល និងសួរសុខទុក្ខក្រុមការងារចម្រុះប្រចាំការទទួលបងប្អូនពលករ នៅច្រកអូរបីជាន់ និងមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យកូប ស្រុកអូជ្រៅ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

ប្រធាន WHO ប្រចាំកម្ពុជារូបនេះ ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលបានដាក់ចេញវិធានការនានា និងមានកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយនឹងភាគីថៃ ក្នុងការទទួលបងប្អូនពលករខ្មែរ ដែលភាគីថៃបានបញ្ជូនមកវិញតាមច្រកព្រំដែន ដែលមានការរៀបចំទីតាំងបានយ៉ាងល្អ និងមានប្រសិទ្ធភាព។

លោកស្រី ឱ វណ្ណឌីន និងលោកស្រី Li Ailan ក៏កោតសរសើរអាជ្ញាធរខេត្ត លើការទប់ស្កាក់ការចម្លងកូវីដ-១៩ បានល្អ និងជំរុញឱ្យអាជ្ញាធរខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ពីការចម្លងជំងឺនេះ ជាពិសេសករណីនាំចូលពីប្រទេសជិតខាង ក្នុងនោះទប់ស្កាត់ការលួចឆ្លងដែនរបស់បងប្អូនពលករ ដើម្បីទៅរកការងារនៅប្រទេសថៃ ដែលវាជាហានីភ័យខ្ពស់ពីការឆ្លងកូវីដ-១៩។

ក្នុងនោះលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែន ប្រទេសថៃ ដែលជាក្តីព្រួយបារម្ភមួយ ដែលទាមទារឱ្យអាជ្ញាធរត្រូវបង្កើនការទប់ស្កាត់ឱ្យបានខ្ពស់។ ចំពោះការធ្វើដំណើរចេញចូលទៅប្រទេសថៃ ខណៈខេត្តបន្ទាយមានជ័យមានច្រករបៀងច្រើនពិបាកក្នុងការទប់ស្កាត់ ជាពិសេសបងប្អូនពលករលួចឆ្លងដែនទៅទឹកដីថៃ ដែលមកទល់ពេលនេះ មានពលករមកពីថៃជិត៧ម៉ឺននាក់ ហើយក៏បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារមុនពេលឱ្យចេញដំណើរត្រលប់ទៅមណ្ឌលចត្តាឡីស័ក ឬស្រុកកំណើតរបស់ខ្លួន។

ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការ និងតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ក៏បានកោតសរសើរចំពោះអាជ្ញាធរខេត្តរួមនឹងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ ដាក់ចេញនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាលពីការចម្លងកូវីដ-១៩ ហើយពលរដ្ឋមានការយល់ដឹង និងអនុវត្តបានយ៉ាងល្អប្រសើរជាមួយនឹងការដាក់នូវវិធានការរបស់អាជ្ញាធរ។

លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងអំណរគុណលោក អ៊ុ រាត្រី អភិបាលខេត្ត ដែលបានខិតខំអំពាវនាវឱ្យកៀគរ ជួយគាំទ្រប្រតិបត្តិការរបស់ក្រុមការងារសុខាភិបាល កងកម្លាំងដែលឈរជើងតាមគោលដៅនានា ពិសេសតាមបន្ទាត់ព្រំដែន។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋទូទាំងប្រទស ត្រូវបន្តអនុវត្តនូវវិធានការដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការអនាម័យលាងសម្អាតដៃជាមួយសាប៊ូទឹកស្អាត អាល់កុល ឬជែលជាពិសេសត្រូវពាក់ម៉ាក់ការពារពេលចេញធ្វើដំណើរតាមទីសាធារណៈផ្សេងៗ៕