(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយមន្ទីរផែនការរាជធានី-ខេត្ត ក្រុងទូទាំងប្រទេស ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តនីតិវិធី កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទៅទីស្ដីការក្រសួងផែនការ។

កិច្ចប្រជុំនេះក៏នឹងពិនិត្យមើលភាពមិនប្រក្រតីនៃការផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រ ការដាក់ចេញនូវវិធានការណ៍មួយចំនួន ដូចជា៖

* ផ្តល់បណ្ណសមធម៌ជូនដល់គ្រួសារក្រីក្រពិតប្រាកដតែប៉ុណ្ណោះ ដោយមិនរើសអើង ស្របតាមនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងធ្វើការដកបណ្ណសមធម៌ ពីគ្រួសារដែលមានជីវភាពប្រសើរ

* ណែនាំបន្ថែមដល់មន្ទីរផែនការរាជធានីខេត្ត ដើម្បីឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ

* ករណីក្រុមប្រឹក្សាឃុំ សង្កាត់ជួបនូវបញ្ហាមិនប្រក្រតីណាមួយ ដែលមិនអាចដោះស្រាយបាន ត្រូវទំនាក់ទំនងសហការជាមួយមន្ទីរផែនការរាជធានីខេត្ត ដើម្បីដោះស្រាយលើបញ្ហានេះ។ ជាមួយគ្នានេះដែរ ក្រសួងផែនការនឹងចូលរួមពិនិត្យដោះស្រាយទៅលើភាពមិនប្រក្រតីទាំងនោះ ហើយអាចធ្វើការបង្ខាំងបណ្ណសមធម៌របស់ គ្រួសារដែលមានជីវភាពប្រសើរ ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រមិនឲ្យប្រើបាន។

គួរជម្រាបថា ក្រសួងផែនការ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំងកាយចិត្ត មិនគិតថ្ងៃឈប់សម្រាក របស់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស ដែលបានចូលរួមសហការយ៉ាងជិតស្និតជាមួយមន្ទីរផែនការរាជធានី ខេត្ត ក្នុងយុទ្ធនាការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងជុំ ក៏ដូចជាតាមការស្នើសុំ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ ជាពិសេសស្របតាមនីតិវិធីនៃការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ បានដកហូតបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរឡើង និងបានដោះស្រាយភាពមិនប្រក្រតីកន្លងមក។ ទន្ទឹមនឹងនេះ ក៏នៅមានឃុំ សង្កាត់មួយចំនួនមិនទាន់បានអនុវត្តពេញលេញនៅឡើយដែរ។

ក្រសួងផែនការសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ចូលរួមសហការជាមួយគ្នាបន្ថែមទៀត ឲ្យទទួលបានលទ្ធផលកាន់តែគាប់ប្រសើរ ស្របតាមការ ផ្តល់សេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាលចំពោះយើងទាំងអស់គ្នា ដើម្បីឲ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលការ រីករាលដាលជំងឺកូវីដ១៩នេះ បានសម្រេចជោគជ័យ៕