(ភ្នំពេញ)៖ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានទទួលលិខិតពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជូនដំណឹងអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៉ីតាលី ក្នុងការផ្តល់វិភាគទានជាថវិកាចំនួន ១០០,០០០អឺរ៉ូ ស្មើនឹងជាង ១១២,៩៥២ដុល្លារអាមេរិក សម្រាប់ជួយដល់ដំណើការប្រត្តិបត្តិការរបស់មជ្ឈមណ្ឌល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ។

ការចូលរួមវិភាគទាននេះ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអ៉ីតាលី ដែលមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយអាស៊ាន និងរដ្ឋជាសមាជិកអាស៊ាន ហើយធ្វើឡើងនៅក្នុងបរិបទ នៃការចូលរួមយូរអង្វែងរបស់អ៉ីតាលីសម្រាប់ការងារមនុស្សធម៌លើវិស័យសកម្មភាពមីន ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល, ARMAC បានចាត់ទុកថា កាយវិការប្រកបដោយសប្បុរសរបស់រដ្ឋាភិបាលអ៉ីតាលី នឹងជួយគាំទ្រ ARMAC ក្នុងការបន្តជួយរដ្ឋជាសមាជិកអាស៊ាន (AMS) ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) នៅក្នុងតំបន់ទៀតផង៕