(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ឆ្នាំង លោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង សេនានិព័ន្ធយោធានៃសាធរណៈរដ្ឋ សង្គមនិយមវៀតណាម ប្រចាំកម្ពុជា និង អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ស្ថាប័ន ជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានចូលរួម ពិធីបើកការដ្ឋានជួសជុល កែលម្អវិមានអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម និងវិមានឯករាជ្យខេត្តកំពង់ឆ្នាំង នៅសួនច្បារស្តូបវិមានអនុស្សាវរីយ៍ កម្ពុជា-វៀតណាម ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ខេត្តកំពង់ឆ្នាំង មានផ្ទៃដីសរុប៥៥២.១០០ ហិកតា មានព្រំប្រទល់ខាងលិចជាប់ និងខេត្តពោធិ៍សាត់ ខាងកើតទល់ខេត្តកំពង់ចាម ខាងជើងទល់ខេត្តកំពង់ធំ និងខាងត្បូងទល់នឹងខេត្តកំពង់ស្ពឺនិងខេត្តកណ្តាល ចែកចេញជាក្រុង ១ ស្រុក៧ សង្កាត់៤ ឃុំ៦៥ និង៥៦០ភូមិ មានប្រជាពលរដ្ឋ ១១៣.៥៨៥គ្រួសារ មនុស្សសរុបចំនួន ៥២៥.២៨៧នាក់ មានដង់ស៊ីតេចំនួន ៩៥នាក់/គ.ម² និងមានអត្រាកំនើនប្រជាពលរដ្ឋ២%ក្នុង១ឆ្នាំ។

លោក ឈួរ ច័ន្ទឌឿន បានបន្តថា ក្រោយថ្ងៃរំដោះ ៩មករា១៩៧៩ កន្លែងនេះជាសាលាមត្តេយ្យ និងជាការិយាល័យធ្វើការ និងមានដើមឈើជាច្រើន ថ្នាក់ដឹកនាំគណៈកម្មាធិការ ប្រជាជនខេត្តកំពង់ឆ្នាំង បានពិភាក្សាផ្តួចផ្តើមរៀបចំកសាង វិមានឯករាជ្យខេត្ត និងវិមានអនុស្សាវរីមិត្តភាពកម្ពុជា-វៀតណាម និងសួនច្បារសាធារណៈ ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមកសាងនៅឆ្នាំ១៩៨៨ បញ្ចប់នៅឆ្នាំ១៩៨៩ ។

រហូតដល់ឆ្នាំ២០១០ វិមានអនុស្សាវរីយ៍កម្ពុជា-វៀតណាម បានធ្វើការជួសជុលឡើងវិញក្រោមការឧមត្ថម្ភរបស់កងទ័ពវៀតណាម យោធភូមិភាគទី៩ អស់ថវិកាចំនួន ១១៩.០០០ដុល្លារអាមេរិក។

ពិធីក្រុងពាលី រៀបចំកែលម្អវិមានឯករាជ្យ និងវិមានអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ខេត្តកំពង់ឆ្នាំងនៅពេលនេះ ជាសក្ខីភាពបញ្ជាក់អោយឃើញ កាន់តែច្បាស់ថែមទៀត ពីភាពរីកចម្រើនឥតឈប់ឈរគ្រប់វិស័យ ចាប់ពីថ្ងៃ៧មករា១៩៧៩មក ក្រោមការដឹកនាំរបស់សម្តេចទាំង៣ គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន និងឥស្សរជនស្នេហាជាតិ បានដឹកនាំការពារ និងកសាងប្រទេសពីបាតដៃទទេ រហូតដល់មានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ និងបញ្ជាក់ពីការរិតចំណងសាមគ្គីភាពកម្ពុជា-វៀតណាម ក្នុងនាមជាមិត្តភក្តិជាប់របងជាអមតៈ ៕