(ភ្នំពេញ)៖ បើមិនមានអ្វីប្រែប្រួលនោះទេ រយៈពេលប្រមាណ២ឆ្នាំខាងមុខទៀតនេះ កម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារសត្វជ្រូកក្នុងស្រុកដោយខ្លួនឯង លែងពឹងផ្អែកលើការនាំចូលទៀតហើយ បើសន្ទុះនៃការចិញ្ចឹមកើនឡើង ហើយតម្លៃជ្រូកល្អដូចសព្វថ្ងៃ។

នេះបើតាមបញ្ជាក់របស់ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ ស្ដីពី «កំណើននៃការចិញ្ចឹមសត្វនៅប្រទេសកម្ពុជា ពេលជួបនូវវិបត្ដិជំងឺកូវីដ-១៩»។

ការអះអាងនេះ ដោយមានហេតុផលថា បច្ចុប្បន្នមានក្រុមហ៊ុនធំៗជាច្រើន ដូចជា ក្រុមហ៊ុន ម៉ុង ឫទ្ធី និងក្រុមហ៊ុន CP -ល- កំពុងតែធ្វើការយ៉ាងសកម្ម លើវិស័យចិញ្ចឹមជ្រូក ជាពិសេសមានការជំរុញពីរាជរដ្ឋាភិបាល។ នេះបើការបញ្ជាក់បន្ថែម របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

ឆ្លើយតបនឹងសំណួរ តើកម្ពុជាត្រូវចំណាយពេលប៉ុន្មានឆ្នាំទៀត ដើម្បីជំរុញវិស័យចិញ្ចឹមជ្រូក អាចបំពេញតម្រូវការក្នុងស្រុក? លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា៖ «មួយឆ្នាំកន្លះ ទៅពីរឆ្នាំទៀត ក្រុមហ៊ុនធំទាំងនោះ (ក្រុមហ៊ុន ម៉ុង ឫទ្ធី, ក្រុមហ៊ុន CP -ល-) អាចជួយ [...] អាហ្នឹងអាចទៅរួច»

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា បើសិនជាពឹងលើកសិករ ឬក៏កសិដ្ឋានខ្នានតូចវិញ គឺមិនងាយនោះទេ ពីព្រោះថាចំនួនរបស់កសិករ និងកសិដ្ឋានខ្នានតូច នៃការចិញ្ចឹមជ្រូក មានតិចខ្លាំងណាស់ នៃក្រុមហ៊ុនធំៗទាំងនោះ។

បើតាមលោក ស្រ៊ុន ពៅ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានការខ្វះខាតជ្រូកចន្លោះ៣ ទៅ៤ពាន់ក្បាល ក្នុងមួយថ្ងៃ។

រយៈពេល៦ខែ ឆ្នាំ២០២០នេះ បើតាមស្ថិតិរបស់សមាគមឃើញថា ការនាំចូលកូនជ្រូកពីប្រទេសថៃ ប្រមាណ៧-៨ម៉ឺនក្បាល ចំណែកមេជ្រូក នាំចូលប្រមាណ៥-៦ពាន់ក្បាល ចំនួននេះ មិនបានគិតពីក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ព្រមទាំងក្រុមហ៊ុនផ្សេងៗទៀត។

ជាមួយគ្នានោះ លោកក៏បានលើកឡើងថា តាំងពីលោកកាន់ជាប្រធានសមាគមអ្នកចិញ្ចឹមសត្វ រហូតដល់បច្ចុប្បន្ន ទើបតែឃើញមានការជ្រោមជ្រែង ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ និងភាគីពាក់ព័ន្ធដទៃទៀត លើវិស័យចិញ្ចឹមជ្រូកនេះ។

ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការអធ្យាស្រ័យ ចំពោះការឡើងថ្លៃក្នុងពេលនេះ ទោះបីជាយ៉ាងណាក្ដីសមាគមអ្នកចិញ្ចឹមសត្វ នឹងជួយសម្រប់សម្រួលតម្លៃ សាច់ជ្រូកជូនប្រជាពលរដ្ឋ។

លោក ស្រ៊ុន ពៅ ថ្លែងថា បច្ចុប្បន្នតម្លៃជ្រូករស់បានឡើងថ្លៃបន្ដិច ជាហេតុធ្វើឲ្យបងប្អូនពលរដ្ឋ យកទៅលក់តម្លើងថ្លៃខ្ពស់ កត្តាដែលធ្វើឲ្យពួកគាត់លក់ឡើងថ្លៃ ឡើងថ្លៃដោយសារតែបច្ចុប្បន្ន មានហាងលក់ម្ហូបអាហារជាច្រើនបានបិទទ្វារ ព្រោះមិនមានភ្ញៀវទេសចរចូលមក ជាហេតុធ្វើឲ្យកំណើននៃការលក់ថយចុះ ដូច្នេះបើមិនតម្លើងថ្លៃទេនោះនឹងខាតជាពុំខាន។

លោកបានបន្ដថា កន្លងមកសមាគមបានប្រកាសថា តម្លៃ១២០០០រៀលនេះសុំឲ្យកសិដ្ឋាន, ក្រុមហ៊ុនក៏ដូចជាបងប្អូនកសិករទាំងអស់ ជួយក្នុងតម្លៃប៉ុណ្ណឹងបន្ដទៀត ប៉ុន្ដែអាជីវករលក់មិនព្រោះថា យើងមិនមានជ្រូកផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់លើទីផ្សារឡើយ។

លោកបានបន្ថែមថា «ខ្ញុំអង្វរដល់អាជីករ ប្រជាពលរដ្ឋ មេត្តាយោគយល់ ដើម្បីធ្វើយ៉ាងណាឲ្យ វិស័យចិញ្ចឹមសត្វនេះឲ្យរុងរឿងឡើង ប្រសិនបើបងប្អូនចង់បានសាច់ជ្រូកថោក ទាល់តែបងប្អូនជួយលើវិស័យចិញ្ចឹមសត្វនេះ ប្រសិនបើបងប្អូនមិនជួយទេ បងប្អូននឹងជួបផលលំបាកជាក់ជាពុំខាន»

លោក ស្រ៊ុន ពៅ បញ្ជាក់ទៀតថា ក្នុង១ថ្ងៃប្រជាពលរដ្ឋបរិភោគសាច់ជ្រូកប្រមាណ១ពាន់តោន ទោះបីបច្ចុប្បន្ននេះតម្លៃរៀងថ្លៃបន្ដិចមែន ប៉ុន្ដែជាការជំរុញវិស័យចិញ្ចឹមសត្វនេះ ឲ្យបានឆាប់គ្រប់ទីផ្សារ ព្រោះបើគ្រប់ទីផ្សារហើយសមាគមន៍ ក៏ដូចជាក្រសួងកសិកម្ម សូមធានាថា មិនឲ្យតម្លៃឡើងថ្លៃនោះទេ។

ប្រធាសមាគមនេះបានបន្ថែមថា «បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល, ក្រសួងកសិកម្ម ព្រមទាំងភាគីពាក់ព័ន្ធទាំងឡាយ បានជួយជំរុញវិស័យចិញ្ចឹមសត្វនេះ ជួសមុខឲ្យប្រជាកសិករ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន ចំពោះភាគីពាក់ព័ន្ធទាំងអស់ ដោយសារតែបានយកចិត្តទុកដាក់ លើវិស័យចិញ្ចឹមសត្វ, វិស័យដាំបន្លែជាដើម»