(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំភ្នំសំពៅ លោកបណ្ឌិត ហែម ថេង បានលើកឡើងថា ការស្រឡាញ់គាំទ្រគណបក្សប្រជាជន នឹងបន្តដឹកនាំឆ្ពោះទៅរកការកសាង ការអភិវឌ្ឍនឱ្យមានការរីកចម្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនពិសេស ដល់អ្នកបន្តវេណក្មេងជំនាន់ក្រោយរក្សាកេរ្តិ៍ដំណែល សុខសន្តិភាពឱ្យបានគង់វង្សយូអង្វែងតទៅមុខ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ហែម ថេង បានធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងដែលលោកបានដឹកនាំសហការ នាំទៀនវស្សា និងទេយ្យទានប្រគេវត្តចំនួន៥ រួមមាន៖ វត្តភ្នំសំពៅ វត្តកន្ទុយក្រពើ វត្តភ្នំអណ្តើក វត្តទ្រុងមាន់ និងវត្តចែក្តា។

លោកបណ្ឌិត ហែម ថេង បានឱ្យដឹងថា ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថាព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះ ទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាសរហូតមកដល់បច្ចុប្បន្ន។

លោកបណ្ឌិត ហែម ថេង បានផ្តាំថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រលកទី២ ដ៏សាហាវនេះកុំឱ្យមានឆ្លងបន្តទៀតនោះ សូមប្រជាពលរដ្ឋទាំងអស់នាំគ្នាអនុវត្ត តាមការណែនាំរបស់ ក្រសួង សុខាភិបាល តាមរយៈសម្អាតអនាម័យជាប្រចាំ គឺលាងដៃនឹងសាប៊ូ លាងដៃជាមួយអាល់កុល និងជែលឱ្យបានញឹកញាប់ ជារៀងរាល់ថ្ងៃមុន និងក្រោយកាន់របស់អ្វីមួយឬនៅពេលហូប ចំណីអាហារ ព្រមទាំងពាក់ម៉ាសជាប្រចាំ ឬពេលចេញទៅក្រៅផ្ទះដែលមានការចាំបាច់បំផុត។

ទេយ្យទានដែលត្រូវបានប្រគេនទាំង ៥វត្ត ក្នុងវត្តនីមួយៗទទួលបាន ទៀតវស្សា១គូ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូចកូកា៥ កេសទឹកត្រី ស៊ីអ៊ីវ ២យួ ស្ករស ៥គីឡូក្រាម តែគីឡូក្រាម និងបច្ច័យ ៥០ម៉ឺនរៀល៕