(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចេញមកអះអាងថា សម្រាប់ដីឧទ្យានជាតិគិរីរម្យនៅខេត្តកំពង់ស្ពឺ រហូតមកដល់ពេលនេះ នៅតែមានអ្នករំលោភបំពានយកកាន់កាប់ជាកម្មសិទ្ធិឯកជន ដូច្នេះសូមថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញចាត់វិធានការតាមច្បាប់។

បើតាមសេចក្តីរាយការណ៍ និងការអះអាងពីប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតនៅតំបន់ឧទ្យានជាតិគិរីរម្យ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ជូនថា អ្នកដែលហ៊ានរំលោភបំពានដី របស់រដ្ឋទាំងនេះគឺ លោក ហេង សុខា មានតួនាទីជាមន្ត្រីបរិស្ថានប្រចាំនៅឧទ្យានជាតិគីរីរម្យ និងកូនប្រសារជាមន្ត្រីយោធាម្នាក់។

សម្រាប់លោក ហេង សុខា និងកូនប្រសាប្រុសលោក ម៉ាង សុវណ្ណារ៉ា ក៏មានទំនាស់ជាមួយប្រជាពលរដ្ឋរឿងដីធ្លីផងដែរស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច រហូតប្រជាពលរដ្ឋបានប្តឹងពួកគេទាំង ២នាក់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទៀតផង។

ប្រជាពលរដ្ឋបានចោទថា លោក ហេង សុខា និងកូនប្រសា បានក្លែងឯកសារជាច្រើនរឿងដីធ្លីលើភ្នំគីរីរម្យ រហូតមានជាជម្លោះធ្វើឲ្យពលរដ្ឋឈានទៅប្តឹងផ្តល់មកសមត្ថកិច្ច។

ឯកសារដែលភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ ទទួលបាននៅរសៀលថ្ងៃនេះ បានបង្ហាញពីលិខិតលក់ទីតាំងដីក្នុងភូមិឃុំខាងលើទៅឲ្យឈ្មោះ ហេង សុខា ខណៈអាជ្ញាធរមិន ទទួលស្គាល់លិខិតនេះទេ។ មួយវិញទៀតកូនប្រសាលោក ហេង សុខា បានរងការចោទថា វាយបំផ្លិចបំផ្លាញបង្គោលរបងចោលគ្មានសល់ ហើយបានចូលកាន់កាប់ដីរបស់អ្នក ដទៃដោយគ្មានហេតុផលសោះ រហូតម្ចាស់ដីបានប្តឹងទៅកាន់សមត្ថកិច្ចទៀតផង។

ក្រុមប្រជាពលរដ្ឋជាច្រើននាក់បានរួមគ្នា ដាក់ពាក្យប្តឹងមកអាជ្ញាធរដោយបានសសេរអះអាងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ហេង សុខា និងឈ្មោះ ម៉ាង សុវណ្ណារ៉ា កូនប្រុស រួមទាំងគូរកនប្រហែល៤-៥នាក់ បានសកម្មភាពវាយបំបាក់របងព្រំដីរបស់ពួកគាត់ និងបានគំរាមកំហែងប្រើហិង្សាមកលើពួកគាត់ និងបានប្រើពាក្យជេរប្រមាថទៀតផង។

ភ្ជាប់ជាមួយពាក្យបណ្តឹង ប្រជាពលរដ្ឋជិត២០នាក់ បានផ្តិតមេដាយបញ្ជាក់ថា ឈ្មោះ ហេង សុខា និងឈ្មោះ ម៉ាង សុវណ្ណារ៉ា មិនដែលមានដីនៅតំបន់នេះទេ។ ជាមួយគ្នានេះ ក៏មានពលរដ្ឋ ម្នាក់ទៀតគឺលោក សុខ ស៊ីថៃ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ រួមជាមួយពលរដ្ឋផ្សេងទៀត ក៏បានប្តឹងឪពុក និងកូនប្រសា អំពីការប៉ុនប៉ងស្ទាក់វាយកណ្តាលផ្លូវថែមទៀតផងដែរ។

លោក ហេង សុខា និងកូនប្រសា មិនទាន់អាចសុំការបកស្រាយចំពោះការចោទប្រកាន់នេះបានទេនៅរសៀលនេះ៕